(ភ្នំពេញ)៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងក្រុមហ៊ុន DKSH Cambodia បានប្រកាសជាផ្លូវការពីភាពជោគជ័យភាពនៃការរួមបញ្ចូល រវាងប្រព័ន្ធស្នូលរបស់ធនាគារ (Core Banking System) ជាមួយនឹង Enterprise Resources Planning System (ERP) របស់ក្រុមហ៊ុន DKSH Cambodia តាមរយៈបណ្តាញផ្ទេរទិន្នន័យដែលមានសុវត្ថិភាព (Secure File Transfer Protocol - sFTP) សម្រាប់ការគ្រប់គ្រងទូទាត់ចំណាយ តាមប្រព័ន្ធឌីជីថល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ផ្តល់ជូននូវដំណោះស្រាយ Host-to-Host ដែលមានឯកទេសក្នុងការរួមបញ្ចូល Enterprise Resources Planning System និងផ្តល់នូវការភ្ជាប់ទំនាក់ទំនងរវាងប្រព័ន្ធទាំងពីរ ជាមួយនឹងការគ្រប់គ្រងគម្រោង ប្រកបដោយវិជ្ជាជីវៈ។ ដំណោះស្រាយនេះ មានគោលបំណងកាត់បន្ថយភាពស្មុគស្មាញ និងបង្កើនប្រសិទ្ធភាព និងផលិតភាពតាមរយៈល្បឿន និងភាពត្រឹមត្រូវនៃការទូទាត់បែបឌីជីថល ដោយប្រើបណ្តាញសុវត្ថិភាព ជាមួយនឹងការចាក់សោរទិន្នន័យ «Data Encryption»។

គម្រោងនេះ ទាមទារការគាំទ្រយ៉ាងទូលំទូលាយ និងមានភាពបត់បែន មានភាពសាមញ្ញ និងសមស្របសម្រាប់ DKSH Cambodia ជាមួយនឹង  matrix function ដែលមាននៅក្នុង សេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធើណិត សម្រាប់សាជីវកម្ម JTR Connect របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ សមិទ្ធផលនេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្ត និងកិច្ចសហការដ៏រឹងមាំរវាងក្រុមការងាររបស់ DKSH Cambodia និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។

កញ្ញា ធួន ច័ន្ទ សុយ៉ាវត្តី ជានាយកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុន DKSH Cambodia បានមានប្រសាសន៍ថា «ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាកម្មទីផ្សារឈានមុខគេ យើងបន្តខិតខំកែលម្អសេវាកម្មរបស់យើង សម្រាប់ដៃគូ និងអតិថិជនទាំងអស់។ ការវិនិយោគនេះមានគោលបំណងឆ្ពោះទៅរកដំណើរការដែលមានភាពងាយស្រួល ហើយតាមរយៈកិច្ចសហការប្រកបដោយប្រសិទ្ធភាព និងការអនុវត្តដំណោះស្រាយឌីជីថលដែលផ្តល់ដោយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ យើងសម្រេចបាននូវការបង្កើនប្រសិទ្ធភាព និងផលិតភាព តាមរយៈ SWIFT និងមធ្យោបាយទូទាត់បែបឌីជីថលដែលត្រឹមត្រូវសម្រាប់ដៃគូរបស់យើង»។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន DKSH Cambodia ដែលបានជ្រើសយក ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជាដៃគូយុទ្ធសាស្រ្តសម្រាប់ប្រព័ន្ធទូទាត់ចំណាយនេះ ដែលនេះបានបញ្ជាក់យ៉ាងច្បាស់អំពីការជឿជាក់ និងទំនុកចិត្តរបស់ក្រុមហ៊ុន DKSH Cambodia មកលើធនាគារជេ ត្រាស់ រ៉ូយ៉ាល់។

លោក Toru Myochin នាយកប្រតិបត្តិ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានប្រសាសន៍ថា «ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅតែបន្តវិនិយោគទៅលើផ្នែកឌីជីថលនៅក្នុងទីផ្សារកម្ពុជា។ នេះ រួមបញ្ចូលទាំងបច្ចេកវិទ្យា ដែលជួយសម្រួលដំណើរការផ្លាស់ប្តូរទិន្នន័យសម្រាប់ការទូទាត់តាមស្តង់ដាររវាងប្រព័ន្ធ ERP របស់អតិថិជន និងប្រព័ន្ធធនាគារស្នូលរបស់យើង និងបើកអោយមានការត្រួតពិនិត្យ មុននឹងអនុញ្ញាតការទូទាត់  “Authorization Matrix” ។ ជាលទ្ធផល យើងបានដាក់ដំណើរការជាផ្លូវការនូវដំណោះស្រាយ Host-to-Host ដែលក្នុងនោះរួមមាន Swift FIN/MT101 Swift FileAct និងsFTP»។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានសេចក្តីសោមនស្ស ដែលមានលទ្ធភាពនាំយកបច្ចេកវិទ្យាគ្រប់គ្រងសាច់ប្រាក់ស្តង់ដាររបស់ធនាគារអន្តរជាតិ មកកាន់ទីផ្សារធនាគារនៅកម្ពុជា ដើម្បីគាំទ្រសាជីវកម្មជាតិ និងអន្តរជាតិ៕