(ភ្នំពេញ)៖ ​ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បានចាប់ដៃគូជាមួយក្រុមហ៊ុន ម៉ាស្ទ័រកាត ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិមួយនៅក្នុងវិស័យឧស្សាហកម្មទូទាត់ប្រាក់តាមឌីជីថល ក្នុងការដាក់ឱ្យប្រើប្រាស់ Cambodian Shared Switch (CSS) Co-badged នៅលើទីផ្សារ។ កិច្ចសហប្រតិបតិ្តការនេះ គឺមានគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងរួមចំណែកដល់ការអភិវឌ្ឍការទូទាត់បែបឌីជីថលនៅកម្ពុជា។

​ប័ណ្ណ CSS Co-badged នឹងដាក់ឱ្យប្រើប្រាស់ចាប់ពីថ្ងៃនេះតទៅ ហើយនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការផ្លាស់ប្តូរផ្នែកហិរញ្ញវត្ថុរបស់កម្ពុជា។ កិច្ចសហប្រតិបត្តិការមួយនេះ បានអនុញ្ញាតឱ្យម្ចាស់ប័ណ្ណអាចធ្វើប្រតិបត្តិការឆ្លងធនាគារបានដូចជា ដកប្រាក់ ផ្ទេរប្រាក់ ពិនិត្យសមតុល្យគណនី របាយការណ៍គណនីនៅតាមម៉ាស៊ីនអេធីអឹម ទិញទំនិញ និងប្រើប្រាស់សេវាកម្មផ្សេងៗនៅតាមហាងនៅក្នុងប្រទេស ក្រៅប្រទេស និងតាមអនឡាញ។ ជាមួយនឹងបណ្តាញម៉ាស៊ីនអេធីអឹម (ATM) របស់ធនាគារនានាដែលជាសមាជិក CSS ទូទាំងប្រទេស ដែលមានការការពារដោយបច្ចេកវិទ្យាបន្ទះឈីប EMV អតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ ជាមួយនឹងការការពារទៅលើប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់។

ស្របតាមបេសកកម្មរបស់ធនាគារជាតិនៃកម្ពុជាដែលផ្តោតទៅលើការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការជំរុញកំណើននៃប្រព័ន្ធអេកូឡូស៊ីក្នុងការទូទាត់ក្នុងស្រុក ធនាគារ ស្ថាបនា បានត្រៀមខ្លួនជាស្រេចក្នុងការនាំមុខបោះជំហានឆ្ពោះរកសេដ្ឋកិច្ចឌីជីថល។

លោក Iwasa TOMOYUKI ប្រធាននាយកប្រតិបត្តិស្តីទី ធនាគារ ស្ថាបនាបានមានប្រសាសន៍ថា៖ «ធនាគារស្ថាបនា តែងតែផ្តោតសំខាន់ និងយកចិត្តទុកដាក់ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុដោយការផ្តល់នូវដំណោះស្រាយទូទាត់ឌីជីថលប្រកបដោយនវានុវត្តន៍ដល់អតិថិជនរបស់យើង។ តាមរយៈបច្ចេកវិទ្យាទំនើប កិច្ចសហការជាមួយក្រុមហ៊ុន ម៉ាស្ទ័រកាតយើងនឹងបន្តការខិតខំនាំយកនូវដំណោះស្រាយល្អបំផុត ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីទូទាត់ប្រកបដោយសុវត្ថិភាពខ្ពស់ និងទំនើបសម្រាប់ប្រទេសកម្ពុជា»។​

លោកស្រី Winnie Wong នាយិកាគ្រប់គ្រង ក្រុមហ៊ុន ម៉ាស្ទ័រកាត ប្រចាំនៅប្រទេសវៀតណាម កម្ពុជា និងឡាវ បានមានប្រសាសន៍ថា «បច្ចុប្បន្ននេះតម្រូវការនៃការទូទាត់ដែលមានភាពបត់បែន  ងាយស្រួលចូលប្រើប្រាស់ និងសុវត្ថិភាពខ្ពស់ គឺមានការកើនឡើងយ៉ាងខ្លាំង។ ប័ណ្ណឥណពន្ធម៉ាស្ទ័កាត(CSS) Co-badged បានបង្កើតឡើងដែលចូលរួមសហការជាមួយធនាគារ ស្ថាបនា គឺនាំមកនូវភាពងាយស្រួលជូនដល់អតិថិជនក្នុងការប្រើប្រាស់ម៉ាស៊ីនអេធីអឹមបានយ៉ាងទូលំទូលាយ ដែលអនុញ្ញាតឱ្យធ្វើប្រតិបត្តិការហិរញ្ញវត្ថុឆ្លងធនាគារ អាចចូលទៅកាន់ដៃគូអាជីវកម្មរាប់លាននាក់ របស់ម៉ាស្ទ័រកាតដែលអាចទទួលការទូទាត់បាននៅទូទាំងក្នុងប្រទេស ក្រៅប្រទេស និងអនឡាញដែលផ្តល់នៅសុវត្ថិភាពខ្ពស់ដោយមានការការពារពីបច្ចេកវិទ្យាបន្ទះឈីប EMV។ ដូច្នេះហើយតាមរយៈគំនិតផ្តួចផ្តើមនេះ នឹងជួយជំរុញបរិយាបន្នហិរញ្ញវត្ថុឱ្យកាន់តែមានភាពល្អប្រសើរ ដែលស្របទៅនឹងចក្ខុវិស័យប្រទេសកម្ពុជាក្នុងការក្លាយជាសេដ្ឋកិច្ចឌីជីថលឈានមុខគេ។»

ជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា និងការលើកកម្ពស់ប្រតិបត្តិការហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ភាពជាដៃគូរវាងធនាគារ ស្ថាបនា និងក្រុមហ៊ុន ម៉ាស្ទ័រកាត គឺទទួលបានការគាំទ្រយ៉ាងខ្លាំងពីសមាគមធនាគារនៅកម្ពុជា ( ABC) ។ កិច្ចសហការរបស់ស្ថាប័នទាំងពីរ បានបង្ហាញពីតួនាទីយ៉ាងសំខាន់នៃប័ណ្ណ CSS ក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងគាំទ្រដល់គម្រោងសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។

លោកស្រី Mar Amara ប្រធានគណៈកម្មាធិការទូទាត់នៃសមាគមធនាគារនៅកម្ពុជាបានលើកឡើងថា៖ «ប្រព័ន្ធ CSS រួមជាមួយនឹងការដាក់ឱ្យប្រើប្រាស់ប័ណ្ណ CSS Co-badged គឺជាសមិទ្ធផលដ៏សំខាន់មួយនៅក្នុងវិស័យហិរញ្ញវត្ថុរបស់យើង ជាពិសេសជំរុញឱ្យមានកិច្ចសហការគ្នាកាន់តែជិតស្និទ្ធរវាងសមាជិករបស់ខ្លួន និងធ្វើឱ្យប្រតិបត្តិការឆ្លងធនាគារកាន់តែមានភាពសាមញ្ញ និងងាយស្រួលជូនដល់អតិថិជន។ ជាមួយប្រព័ន្ធសុវត្ថិភាពយ៉ាងតឹងរឹង និងលក្ខណៈពិសេសជាច្រើនដូចជា ការដាក់បញ្ចូលបច្ចេកវិទ្យាបន្ទះឈីប EMV ជាមួយនឹងវិធានការប្រឆាំងការក្លែងបន្លំកម្រិតខ្ពស់ និងការពង្រឹងការការពារ ដែលធ្វើឱ្យ ប័ណ្ណ CSS Co-badged ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការទូទាត់ឌីជីថលនៅកម្ពុជា»

លោកស្រី បានបន្តទៀតថា៖ «យើងពិតជារំភើបដែលបានចូលរួមជាសាក្សីពីកិច្ចសហការមួយនេះក្នុងការជំរុញហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់នៅកម្ពុជា និងលើកទឹកចិត្តឱ្យមានការបង្កើតថ្មីបន្ថែមទៀតទៅលើផលិតផល និងសេវាកម្មទូទាត់សងប្រាក់។ ជាមួយនឹងប័ណ្ណ CSS Mastercard នេះ ម្ចាស់ប័ណ្ណនឹងអាចធ្វើការទូទាត់បានយ៉ាងងាយស្រួលទៅគ្រប់អាជីវករដែលប្រើប្រាស់ម៉ាស៊ីនឆូតកាត (POS) និងអាចប្រើប្រាស់ម៉ាស៊ីនអេធីអឹមទាំងអស់នៅទូទាំងប្រទេសកម្ពុជា ក៏ដូចជាការទូទាត់ប្រាក់ជាមួយអាជីវករ និងប្រើប្រាស់ម៉ាស៊ីនអេធីអឹមដែលទទួលយកប័ណ្ណម៉ាស្ទ័រកាតនៅក្រៅប្រទេសផងដែរ​»