(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានសម្ដែងការអបអរសាទរ និងកោតសរសើរក្រុមកីឡាកាយសម្ព័ន្ធជម្រើសជាតិកម្ពុជា ក្រោយដណ្ដើមបានមេដាយ ១គ្រឿង ពីការប្រកួតកីឡាកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជ្រើសរើសជើងឯកអាស៊ី លើកទី៩ (Aerobic Gymnastics Asian Championship 2024) នៅក្រុងហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី០៦-១១ ខែមិថុនា ឆ្នាំ២០២៤ នេះ ។

លោកបណ្ឌិត ថោង ខុន បានលើកឡើងដូច្នេះថា «សូមអបអរសាទរ និងកោតសរសសើរក្មួយៗ ចៅៗ ដែលជាកីឡាករ-កីឡាការិនី នៃក្រុមកីឡាកាយសម្ព័ន្ធជម្រើសជាតិកម្ពុជា ចំពោះការខិតខំប្រឹងប្រែងហ្វឹកហាត់ រហូតទទួលបានលទ្ធផលមួយដ៏ល្អប្រសើរ នៅក្នុងការប្រកួតកីឡាកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជ្រើសរើសជើងឯកអាស៊ី លើកទី៩ ដែលដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសា Senior Group (សម្ដែងក្រុមនារី) ដោយកីឡាការិនី ស៊ីវ ចន្ថា, ណេម សុខហេង, ឌឹម អ៊នធីតា, ឈួន សុវណ្ណបញ្ញា និងកីឡាការិនី ម៉ូ ស្រីពៅ»

បន្ថែមលើនេះ លោកទេសរដ្ឋមន្ដ្រី ក៏បានជំរុញ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីទាំងអស់ ត្រូវបន្ដការខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីសម្រួចសមត្ថភាព និងពង្រឹងគុណផលកម្រិតខ្ពស់ ត្រៀមការប្រកួតអន្ដរជាតិនានា ដូចជាការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ និងដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ជាដើម ។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា ទោះបីការប្រកួតជើងឯកអាស៊ី លើកទី៩ នេះ ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា ទទួលបានតែមេដាយសំរឹទ្ធ ១គ្រឿង ប៉ុន្ដែនៅតែជាមោទនភាពសម្រាប់ជាតិខ្មែរ ពីព្រោះការចូលរួមលើកនេះ មានចំនួន ១៤ រួមមានអូស្ដ្រាលី, កម្ពុជា, ឥណ្ឌូនេស៊ី, ឥណ្ឌា, ហុងកុង, អ៊ីរ៉ង់, ជប៉ុន, គីស៊ីស្ដង់, ម៉ុងហ្គោលី, កូរ៉េខាងត្បូង, ឆាយនីតៃប៉ិ, ហ្វីលីពីន, ថៃ និងម្ចាស់ផ្ទះវៀតណាម ដែលមានកីឡាករ-កីឡាការិនីចូលរួមចំនួន ៣០០នាក់ ។

លោកបន្ដថា ជោគជ័យនេះ កើតឡើងដោយសារមានការ យកចិត្តទុកដាក់ លើកទឹកចិត្ត ជំរុញពីរាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ពិសេសថ្នាក់ដឹកនាំសហព័ន្ធ ដែល មានលោកទេសរដ្ឋមន្ត្រី ថោង ខុន ជាប្រធាន លោកឧកញ៉ា សុខ ហុង ជាអនុប្រធាន និងការប្ដេជ្ញាចិត្តរបស់ក្រុមការងារគ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនី ទើបក្រុមកីឡាករ-កីឡាការិនីកាយសម្ព័ន្ធកម្ពុជា មានឱកាសចូលរួមប្រកួតជើងឯកអាស៊ី និងទទួលបានសមិទ្ធផលល្អប្រសើរបែបនេះ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ 9th Aerobic Gymnastics Asian Championship 2024 ដែលវៀតណាមធ្វើម្ចាស់ផ្ទះនេះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជូនប្រតិភូ និងអត្តពលិកចំនួន ១២នាក់ ទៅចូលរួមប្រកួត។ តាមការគ្រោងទុក បន្ទាប់ពីបញ្ចប់បេសកកម្មខាងលើ ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា នឹងធ្វើដំណើរចាកចេញពីប្រទេសវៀតណាម នៅល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ និងមកដល់មាតុភូមិវិញ នារាត្រីថ្ងៃដដែល ៕