(ម៉ាទ្រីដ)៖ ក្លិប Real Madrid បានបដិសេធការអញ្ជើញរបស់ FIFA ក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Club World Cup ខណៈ FIFA ឱ្យតម្លៃទាបចំពោះក្លិបម្ចាស់ពានរង្វាន់ Champions League ចំនួន ១៥លើក ដែលគួរទទួលបាន។ នេះបើយោងតាមសម្តីអ្នកចាត់ការ Carlo Ancelotti ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។

FIFA បានកែប្រែការប្រកួតអន្តរជាតិនេះ ឱ្យមាន ៣២ក្រុម ដែលគ្រោងនឹងធ្វើឡើងនៅសហរដ្ឋអាម៉េរិក នៅពេលចប់រដូវកាលក្រោយ ដោយក្លិបល្អបំផុតចំណាត់ថ្នាក់ទី១២ នៅទ្វីបអឺរ៉ុបនេះ ជាក្លិបមួយស្ថិតក្នុងចំណោមក្លិប ដែលត្រូវបានអញ្ជើញ​ឱ្យចូលរួម។

«កីឡាករបាល់ទាត់ និងក្លិបជាច្រើន នឹងមិនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះនោះទេ»។ លោក Ancelotti បានប្រាប់សារព័ត៌មានអ៊ីតាលី Il Giornale។

«១ប្រកួតរបស់ Real Madrid គឺមានតម្លៃ ២០លាន ហើយ FIFA ចង់ឱ្យយើង ២០លាន សម្រាប់ការប្រកួតមួយព្រឹត្តិការណ៍ពេញ។ យើង និងក្លិបដទៃទៀត នឹងបដិសេធចំពោះការអញ្ជើញនោះ»។ លោកបានបន្ថែម។

លោក Ancelotti ដែលជាអ្នកចាត់ការម្នាក់ ក្នុងចំណោមអ្នកចាត់ការជោគជ័យបំផុតនៅទ្វីបអឺរ៉ុបនោះ បានឈ្នះពានរង្វាន់ Club World Cup ៣លើក និង Champions League ៥លើក៕