(បរទេស)៖ នៅក្នុងព្រឹត្តិការណ៍ WWDC 2024 នៅយប់មិញនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានណែនាំការធ្វើបច្ចុប្បន្នភាពសំខាន់មួយចំនួន ដោយរួមបញ្ចូលបច្ចេកវិទ្យា «Apple Intelligence» ថ្មីជាលើកដំបូងនៅទូទាំងកម្មវិធីរបស់ខ្លួនរូមទាំង Siri និងនាំយក Chatbot ChatGPT របស់ OpenAI ទៅកាន់ឧបករណ៍របស់ខ្លួនផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។

នៅក្នុងបទបង្ហាញរយៈពេលជិតពីរម៉ោងនៅក្នុងសន្និសីទអ្នកអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Apple (WWDC) នាយកប្រតិបត្តិជាន់ខ្ពស់ រួមទាំង CEO លោក Tim Cook បានលើកឡើងពីរបៀបដែលជំនួយការសំឡេង Siri នឹងអាចធ្វើអន្តរកម្មជាមួយសារ អ៊ីមែល ប្រតិទិន ក៏ដូចជាកម្មវិធីផ្សេងទៀតដែលដំឡើងនៅលើ App Store។ លោកបានគូសបញ្ជាក់ថា Siri នឹងអាចសរសេរអ៊ីមែល និងប្ដូរសំឡេងឱ្យសមនឹងឱកាស និងពេលវាលាជាក់ស្តែងបានថែមទៀតផង។

គួរជម្រាបថា Apple Intelligence គឺជាប្រព័ន្ធ AI ថ្មីមួយដែលរួមបញ្ចូលគ្នានូវគំរូទូទៅជាមួយនឹងបរិបទផ្ទាល់ខ្លួន ដើម្បីផ្តល់នូវភាពឆ្លាតវៃដែលមានប្រយោជន៍ និងពាក់ព័ន្ធ។ តាមការបញ្ជាក់ Apple Intelligence នឹងដំណើរការតែនៅលើ iPhone 15 Pro/Pro Max និងរាល់ Mac/iPad ប្រើប្រាស់ឈីប M1 ឡើងទៅប៉ុណ្ណោះ។ ដោយឡែកចំពោះ ChatGPT វិញ Apple នៅមិនទាន់បញ្ចេញឱ្យប្រើប្រាស់នៅឡើយនោះទេ នឹងត្រូវរង់ចាំរហូតដល់ចុងឆ្នាំឯណោះ ទើបបញ្ចូលវាទៅក្នុងកម្មវិធីប្រព័ន្ធប្រតិបត្តិការ Mac, iPhone និង iPad ហើយវាមាននៅលើ Writing Tools និង Siri តែនៅពេលចាំបាច់ប៉ុណ្ណោះ៕