(បរទេស)៖ បន្ទាប់ពីរយៈពេលជាង ១៤ឆ្នាំ ទីបំផុត Apple បានប្រកាសដាក់ដំណើរការកម្មវិធីគិតលេខជាផ្លូវការហើយនៅលើ iPad ជាមួយនឹង iPadOS 18 ដែលជាកំណែអាប់ដេតចុងក្រោយបំផុតចំពោះប្រព័ន្ធប្រតិបត្តិការថេប្លេតរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។

ដូចដែលបានដឹងរួចមកហើយនៅលើម៉ូដែល iPad គ្រប់ជំនាន់របស់ Apple មិនដែលមានកម្មវិធីគិតលេខនោះទេ។ ចំពោះហេតុផលសម្រាប់រឿងនេះ គឺចាក់ឫសក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍរបស់ iPad។ លោក Steve Jobs ដែលជាសហស្ថាបនិកក្រុមហ៊ុន Apple មិនចូលចិត្តការរចនានៃកម្មវិធីគិតលេខនោះទេ នៅពេលដែលវាត្រូវបានភ្ជាប់ទៅកាន់ iPad ពី iPhone ជាលើកដំបូង។ អំឡុងពេលនោះលោកបានផ្តល់ជម្រើសពីរដល់ក្រុមអភិវឌ្ឍន៍ (developer) ក្នុងនោះជម្រើសទី១ គឺត្រូវរចនាកម្មវិធីឡើងវិញ និងជម្រើសទី២ គឺត្រូវតែលុបវាចោល។ ខណៈពេលនោះដោយសារតែកាលបរិច្ឆេទតឹងតែង ក្រុមការងារផ្នែកឌីហ្សាញក៏បានសម្រេចបោះបង់កម្មវិធីគិតលេខនោះទាំងស្រុងតែម្តង។

ចាប់តាំងពីពេលនោះមក Apple បានផ្តល់ជូននូវជម្រើសផ្សេងៗដើម្បីបំពេញចន្លោះខ្វះខាតនេះ។ ដោយអ្នកប្រើប្រាស់ អាចចូលប្រើកម្មវិធីគិតលេខតាមរយៈ Spotlight Search និងអនុញ្ញាតឱ្យទាញយកកម្មវិធីពី developer ផ្សេងៗ ដែលដាក់នៅលើ App Store ជំនួសវិញ។

គួរជម្រាបថា កម្មវិធី Calculator ឬកម្មវិធីគិតលេខដែលដាក់ដំណើរការជាលើកដំបូងនេះ រួមបញ្ចូលជាមួយនឹង Apple Pencil ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដោះស្រាយបញ្ហាគណិតវិទ្យាបានដោយសរសេរវាចេញជាមួយនឹង Stylus។ មិនត្រឹមតែប៉ុណ្ណោះវាក៏រួមបញ្ចូលជាមួយនឹងមុខងារ ប្រវត្តិនៃការគណនាចាស់ និងការបំប្លែងឯកតាផងដែរ ដូច្នេះវានឹងកាន់តែផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ លើសពីការគិតលេខធម្មតា៕