(បរទេស)៖ គេហទំព័រព័ត៌មានហិរញ្ញវត្ថុរបស់អ៊ីស្រាអែល Calcalist បានឱ្យដឹងថា ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស Intel Corp កំពុងបញ្ឈប់ផែនការសាងសង់រោងចក្រផលិតបន្ទះឈីបរបស់ខ្លួនមានតម្លៃប្រមាណ ២៥ពាន់លានដុល្លារនៅក្នុងប្រទេសអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។

ជុំវិញរបាយការណ៍នេះ Intel មិនបានបញ្ជាក់ដោយផ្ទាល់ ឬបដិសេធទៅនឹងរបាយការណ៍របស់ Calcalist នោះទេ ប៉ុន្តែបានលើកឡើងអំពីតម្រូវការក្នុងការសម្របគម្រោងខ្នាតធំទៅនឹងការផ្លាស់ប្តូរពេលវេលា។

Intel បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អ៊ីស្រាអែលនៅតែបន្តជាកន្លែងផលិត និងស្រាវជ្រាវសកលដ៏សំខាន់មួយរបស់យើង ហើយយើងនៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះតំបន់នេះ»។ ក្រុមហ៊ុនបានបន្ថែមថា «ការគ្រប់គ្រងគម្រោងខ្នាតធំ ជាពិសេសនៅក្នុងឧស្សាហកម្មរបស់យើង ជារឿយៗពាក់ព័ន្ធនឹងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរពេលវេលា។ ការសម្រេចចិត្តរបស់យើង គឺផ្អែកលើលក្ខខណ្ឌអាជីវកម្ម សក្ដានុពលទីផ្សារ និងការគ្រប់គ្រងដើមទុនប្រកបដោយការទទួលខុសត្រូវ»។

គួរជម្រាបថា បច្ចុប្បន្ននេះ Intel មានប្រតិបត្តិការកន្លែងអភិវឌ្ឍន៍ និងផលិតកម្មចំនួន ៤នៅក្នុងប្រទេសអ៊ីស្រាអែល រួមទាំងរោងចក្រផលិតរបស់ខ្លួននៅក្នុង Kiryat Gat ដែលហៅថា Fab 28។ រោងចក្រនេះ ត្រូវបានគេស្គាល់ថាជាកន្លែងផលិតបន្ទះឈីប Intel 7 ឬបន្ទះឈីប 10nanometer។ គិតមកទល់ពេលនេះ Intel មានបុគ្គលិកសរុបប្រមាណ ១២,០០០នាក់ដែលកំពុងបម្រើការងារនៅក្នុងប្រទេសអ៊ីសា្រអែល៕