(ភ្នំពេញ)៖ ក្រុមជម្រើសជាតិគោព្រៃកម្ពុជា នឹងក្រុងជម្រើសជាតិម៉ុងហ្គោលី បានបញ្ចប់ការប្រកួតមិត្តអន្តរជាតិទាំង ២ជើងរួចរាល់ហើយ នឹងរកបានលទ្ធផលឈ្នះម្នាក់ ១ប្រកួតដូចគ្នា ដោយជើងទី២ ក្រុមម៉ុងហ្គោលី វាយបកយកឈ្នះ ២-១ ក្រោយពីការប្រកួតជើងទី១ លេងចាញ់កម្ពុជា ២-០ ដែលនេះជាការណាត់គ្នាលេងមិត្តភាពអន្តរជាតិកម្តៅសាច់ដុំ ត្រៀមការប្រកួតកម្រិត AFC នាពេលខាងមុខ។

ការប្រកួតជើងទី២ ដែលធ្វើឡើងនាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមគោព្រៃកម្ពុជា បានធ្វើការនាំមុខមុនដោយការព្យាយាមស៊ុត របស់កីឡាករ សា ទី នៅនាទី១៧ ខណៈការចាប់បាល់ភ្លាត់ឱ្យចូលទីខ្លួនឯងពីអ្នកចាំទីក្រុមម៉ុងហ្គោលី ក្នុងប្រកួតវគ្គទី១ ខណៈក្រុមម្ចាស់ផ្ទះម៉ុងហ្គោលី ក៏បានព្យាយាមរកបាន ២គ្រាប់មកវិញនៅវគ្គទី២ ដែលលទ្ធផលនេះបានរក្សារហូតដល់ចប់ការប្រកួត។

សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការប្រកួតមិត្តភាពនេះ ក្រុមទាំងពីរ នឹងបន្តលក្ខណៈចូលរួមប្រកួតជម្រុះពានរង្វាន់ AFC Asian Cup Saudi Arabia 2027 ដូចគ្នា ដែលសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ទើបបានរៀបចំពិធីចាប់ឆ្នោតបែងចែកគូប្រកួតវគ្គ Play-Off កាលពីថ្មីៗ ដោយក្រុមក្រុមជម្រើសជាតិកម្ពុជា ត្រូវជួបក្រុមជម្រើសជាតិស្រីលង្ការ ខណៈក្រុមម៉ុងហ្គោលី ត្រូវជួបក្រុមជម្រើសជាតិទីម័រខាងកើត នាខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ៕