(ភ្នំពេញ)៖ បណ្តាក្រុមហ៊ុន និងសមាគមវិស័យឧស្សាហកម្មគ្រឿងស្រវឹង ក្នុងនោះរួមមានក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា (HEINEKEN Cambodia) ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវ (Carlsberg Cambodia) សមាគមអ្នកនាំចូល និងចែកចាយស្រាបៀរ និងស្រា (WSBIDA) និងសម្ព័ន្ធស្រាចម្រុះអន្ដរជាតិអាស៊ីប៉ាស៊ីហ្វិក (APISWA) នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ បា​នប្ដេជ្ញាអនុវត្តក្រមប្រតិបត្តិ ស្តីពីការធ្វើទីផ្សារគ្រឿងស្រវឹង និងការប្រាស្រ័យទាក់ទងពាណិជ្ជកម្មដោយការទទួលខុសត្រូវ។

ក្រមប្រតិបត្តិការធ្វើទីផ្សារ និងការប្រាស្រ័យទាក់ទងពាណិជ្ជកម្មដោយការទទួលខុសត្រូវលើផលិតផលគ្រឿងស្រវឹងនៅកម្ពុជា បានកំណត់គោលការណ៍ណែនាំយ៉ាងលម្អិតអំពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងប្រកបដោយក្រមសីលធម៌ និងទំនួលខុសត្រូវនៅក្នុងវិស័យឧស្សាហកម្ម គ្រឿងស្រវឹង។ ក្រមប្រតិបត្តិនេះ ទទួលបានការគាំទ្រពីបណ្តាក្រុមហ៊ុនហត្ថលេខីជាច្រើនដែលស្ថិតក្នុងសង្វាក់ផលិតកម្មជាមួយគ្នា មានទាំងក្រុមហ៊ុនផលិតក្នុងស្រុក និងអន្តរជាតិ ក្រុមហ៊ុនចែកចាយ និងក្រុមហ៊ុនលក់រាយផងដែរ បានស្ម័គ្រចិត្ដ និងប្តេជ្ញាខ្ពស់ចំពោះការធ្វើទីផ្សារប្រកបដោយទំនួលខុសត្រូវ។

ក្រមប្រតិបត្តិនេះ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការរឹតបន្តឹងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដែលអាចអនុញ្ញាតឱ្យក្រុមហ៊ុនដៃគូទាំងអស់ធ្វើអាជីវកម្ម ដោយប្រកាន់ខ្ជាប់នូវការអនុវត្តគោលការណ៍ទីផ្សារតាមស្តង់ដារអន្តរជាតិ។ ការដាក់ឱ្យអនុវត្ដក្រមប្រតិបត្តិនេះ គឺជាជំរុញ និងលើកកម្ពស់ស្តង់ដារទំនួលខុសត្រូវខ្ពស់ និងស្របតាមការអំពាវនាវនៅក្នុងឧស្សាហកម្មនេះផ្ទាល់ ដែលចង់ឱ្យមានការផ្ដួចផ្ដើមបង្កើតច្បាប់កំណត់អាយុអ្នកប្រើប្រាស់ដែលអាចពិសាគ្រឿងស្រវឹងបាននៅកម្ពុជា គឺចាប់ពីអាយុ១៨ ឆ្នាំឡើងទៅ។

បទប្បញ្ញត្តិសំខាន់ៗ នៃក្រមប្រតិបត្តិរួមមាន៖

* ត្រូវធានានូវរាល់សកម្មភាពទីផ្សារ និងការផ្សព្វផ្សាយពាណិជ្ជកម្ម មិនត្រូវលើកទឹកចិត្ត ឬអូសទាញអ្នកប្រើប្រាស់ឱ្យពិសាលើសកម្រិត ឬការពិសាដោយខ្វះការទទួលខុសត្រូវ។
* ផ្ដល់អាទិភាពជាចម្បងដល់ទំនួលខុសត្រូវសង្គម តាមរយៈការលុបបំបាត់ការផ្សាយពាណិជ្ជកម្មមិនត្រឹមត្រូវ។
* អនុវត្តគោលការណ៍ណែនាំឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៨ ឆ្នាំពីផលប៉ះពាល់ដែលបណ្ដាលមកពីការធ្វើទីផ្សារគ្រឿងស្រវឹង ដូចជាការពង្រឹងយន្តការផ្ទៀងផ្ទាត់អាយុ និងការកំណត់ស្តង់ដារសម្រាប់បុគ្គលរបស់សាធារណៈជនលើបណ្ដាញផ្សព្វផ្សាយ ដើម្បីធានាថាការផ្សព្វផ្សាយគ្រឿងស្រវឹងដោយកំណត់គោលដៅសម្រាប់ទស្សនិកជនដែលពេញវ័យតែប៉ុណ្ណោះ។
* ជំរុញនិងលើកកម្ពស់ស្តង់ដារនៃការផ្សាយពាណិជ្ជកម្មប្រកបដោយទំនួលខុសត្រូវ និងជួយជំរុញគាំទ្រដល់ការប្រកួតប្រជែងដោយស្មើភាពក្នុងវិស័យឧស្សាហកម្មគ្រឿងស្រវឹង នៅគ្រប់បណ្តាញទំនាក់ទំនងនានា រួមទាំងការធ្វើទីផ្សារឌីជីថលផងដែរ។

កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាខ្ពស់របស់ក្រុមហ៊ុននិងសមាគមដែលបានសហការចងសម្ព័ន្ធគ្នា ដើម្បីឆ្ពោះទៅរកការធ្វើទីផ្សារ និងការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ ការប្រកួតប្រជែងដោយស្មើភាព និងនវានុវត្តន៍នៅក្នុងឧស្សាហកម្មមួយនេះ។ ក្រមប្រតិបត្តិនេះ ក៏បានផ្តោតសំខាន់ទៅលើកិច្ចការពារអ្នកប្រើប្រាស់ និងទំនួលខុសត្រូវសង្គម ក្នុងគោលបំណងបង្កើនកេរ្តិ៍ឈ្មោះល្អក្នុងវិស័យឧស្សាហកម្មគ្រឿងស្រវឹង និងលើកកម្ពស់ការយល់ដឹងរបស់អ្នកប្រើប្រាស់ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មក្នុងវិស័យនេះ និងអ្នកប្រើប្រាស់នៅកម្ពុជា។

ដោយឈរលើគោលជំហររួមគ្នា ក្រុមអ្នកតំណាងសម្ព័ន្ធក្រុមហ៊ុននិងសមាគម បានលើកឡើងដោយសង្កត់ធ្ងន់លើការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការធ្វើទីផ្សារប្រកបដោយទំនួលខុសត្រូវខ្ពស់។ ក្រុមអ្នកតំណាងសម្ព័ន្ធបានលើកឡើងថា «ការសហការជាសម្ព័ន្ធដើម្បីធ្វើការរួមគ្នានេះ មិនមែនគ្រាន់តែជាកាតព្វកិច្ចរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែជាករណីយកិច្ចខាងសីលធម៌របស់យើង ក្នុងការធ្វើទីផ្សារផលិតផលរបស់យើងប្រកបដោយទំនួលខុសត្រូវ។ ការប្តេជ្ញានេះបានសរបញ្ជាក់នៅក្នុងក្រមប្រតិបត្តិ ដែលបានបង្កើតឡើងក្នុងគោលបំណងរឹតបន្តឹងការធ្វើទីផ្សារយ៉ាងណាដែលមិនប៉ះពាល់ដល់អនិតិជន ក៏ដូចជាការអប់រំអតិថិជន និងដៃគូអាជីវកម្ម អំពីការពិសាគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ និងការផ្តល់ព័ត៌មានយ៉ាងជាក់ច្បាស់អំពីគ្រឿងស្រវឹង»។ ក្រុមអ្នកតំណាងសម្ព័ន្ធក្រុមហ៊ុននិងស្ថាប័ន ក៏បានបង្ហាញពីក្ដីសង្ឃឹមផងដែរថា ក្រុមហ៊ុនដៃគូក្នុងឧស្សាហកម្មនេះ ទាំងអស់នឹងអនុវត្ដក្រមប្រតិបត្តិនេះ ប្រកបដោយទំនួលខុសត្រូវនៅទូទាំងប្រទេសកម្ពុជា។

គំនិតផ្តួចផ្តើមនៃក្រមប្រតិបត្តិនេះ គឺជាការឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដែលអាចបង្កើតឱ្យមានការផ្លាស់ប្ដូរជា វិជ្ជមាននៅក្នុងសង្គម។

គួររំឭកថាកាលពីខែមេសា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមការងារគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដើម្បីលើកកម្ពស់សុខុមាលភាពអ្នកប្រើប្រាស់ និងស្តង់ដាឧស្សាហកម្ម។ ក្រុមការងារជំនាញនេះបាននឹងកំពុងផ្តោតលើការបង្កើតច្បាប់ និងវិធានការណ៍នានា ដើម្បីលើកកម្ពស់ដល់ការធ្វើទីផ្សារភេសជ្ជៈមានជាតិអាល់កុលប្រកបដោយទំនួលខុសត្រូវ និងធានាឱ្យមានការប្រកួតប្រជែងទីផ្សារយុត្តិធម៌។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា៖ «ពិធីចុះហត្ថលេខាលើក្រមប្រតិបត្តិធ្វើទីផ្សារ និងផ្សព្វផ្សាយពាណិជ្ជកម្មដោយទំនួលខុសត្រូវលើផលិតផលគ្រឿងស្រវឹង នៅថ្ងៃនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាពីភាគីពាក់ព័ន្ធសំខាន់ៗក្នុងការធានាសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនាក្នុងសង្គមកម្ពុជា»។

សហព័ន្ធអ្នកផ្សាយពាណិជ្ជកម្មពិភពលោក (WFA) បានកោតសរសើរដល់ប្រទេសកម្ពុជាសម្រាប់ការដាក់ឱ្យដំណើរការនូវក្រមប្រតិបត្តិធ្វើទីផ្សារ និងផ្សព្វផ្សាយពាណិជ្ជកម្ម ដោយទំនួលខុសត្រូវលើផលិតផលគ្រឿងស្រវឹង។ សហព័ន្ធនេះបានមើលឃើញថា ក្រមប្រតិបត្តិធ្វើទីផ្សារនេះ គឺជាគំរូវិជ្ជមានដ៏ល្អមួយ។ លោក Stephan Loerke នាយកប្រតិបត្តិនៃសហព័ន្ធអ្នកផ្សាយពាណិជ្ជកម្មពិភពលោក បានលើកឡើងថា «ក្រមប្រតិបត្តិធ្វើទីផ្សារ និងផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជានេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការឆ្ពោះទៅរកបទប្បញ្ញត្តិស្ដីពីការធ្វើទីផ្សារគ្រឿងស្រវឹង ប្រកបដោយប្រសិទ្ធភាព ដែលបានមកពីការប្តេជ្ញាចិត្តសហការគ្នាលើកកម្ពស់ ការផ្សាយពាណិជ្ជកម្ម ប្រកបដោយទំនួលខុសត្រូវ។ យើងសូមអបអរសាទរដល់អ្នកពាក់ព័ន្ធទាំងអស់ ហើយយើងក៏រីករាយក្នុងការផ្តល់ការណែនាំបន្ថែមលើការអនុវត្ត ក្រមប្រតិបត្តិនេះ ក៏ដូចជាការត្រួតពិនិត្យ និងវាយតម្លៃផលប៉ះពាល់នៃការអនុវត្ត»។

ជាមួយគ្នានេះដែរ លោក Julian Braithwaite ប្រធានសម្ព័ន្ធអន្តរជាតិសម្រាប់ការទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ (IARD) បានថ្លែងថា «យើងរីករាយណាស់ដែលបានឃើញគំនិតផ្តួចផ្តើមដាក់ចេញនូវក្រមប្រតិបត្តិធ្វើទីផ្សារ និងផ្សព្វផ្សាយពាណិជ្ជកម្មដោយទំនួលខុសត្រូវលើផលិតផលគ្រឿងស្រវឹងនៅកម្ពុជា ដែលស្របតាមកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការកាត់បន្ថយការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទៅដល់អនីតិជន។ យើងគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចខិតខំប្រឹងប្រែងរបស់ សម្ព័ន្ធក្រុមហ៊ុននិងស្ថាប័នទាំងអស់ ដើម្បីកាត់បន្ថយការទទួលទានគ្រឿងស្រវឹងដែលបង្កគ្រោះថ្នាក់ ហើយសង្ឃឹមថានឹងមានក្រុមហ៊ុនហត្ថលេខីកាន់តែច្រើនចូលរួមបន្ថែមទៀត»។

នៅថ្ងៃខាងមុខ សម្ព័ន្ធក្រុមហ៊ុននិងស្ថាប័នទាំងអស់ មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញការអនុវត្តតាមគោលការណ៍ណែនាំទាំងនេះ តាមរយៈការពិគ្រោះយោបល់ជា មួយអ្នកពាក់ព័ន្ធ និងចាប់ផ្ដើមបង្កើតយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈ។ ដោយមើលឃើញថា ឧស្សាហកម្មគ្រឿងស្រវឹងកំពុងផ្តោតលើទំនួលខុសត្រូវសង្គមច្រើន សម្ព័ន្ធក្រុមហ៊ុននិងស្ថាប័ន សង្ឃឹមថានឹងមានសមាជិកដែលជាក្រុមហ៊ុនក្នុងឧស្សាហកម្មគ្រឿងស្រវឹងកាន់តែច្រើន និងដៃគូធ្វើទីផ្សាររបស់ពួកគេ ចូលរួមអនុវត្តក្រមប្រតិបត្តិ នេះទាំងអស់គ្នា។

សូមជម្រាបដែរថា សម្ព័ន្ធសម្រាប់ការអនុវត្តការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងប្រកបដោយទំនួលខុសត្រូវ លើកកម្ពស់ការផ្សាយពាណិជ្ជកម្ម និងការធ្វើទីផ្សារផលិតផលគ្រឿងស្រវឹងប្រកបដោយទំនួលខុសត្រូវនៅកម្ពុជា។ សមាជិករបស់យើង រួមមានក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា (HEINEKEN Cambodia) ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវ (Cambrew) សមាគមអ្នកនាំចូល និងចែកចាយស្រាបៀរ និងស្រា (WSBIDA) ដែលមានសមាជិក ៩ ក្រុមហ៊ុន និងសហសម្ព័ន្ធ ២ និងសម្ព័ន្ធស្រាចម្រុះអន្ដរជាតិអាស៊ីប៉ាស៊ីហ្វិក (APISWA) ដែលតំណាងឱ្យផលិតផលស្រាចម្រុះទាំង១១ ម៉ាកយីហោនៅទូទាំងពិភពលោក។

ជាថ្មីម្ដងទៀត ភាគីទាំងអស់ប្តេជ្ញាបង្កើតឱ្យមានទីផ្សារប្រកបដោយការទទួលខុសត្រូវ និងការប្រកួតប្រជែងដោយយុត្តិធម៌។ យើងសហការគ្នា ការពារអ្នកប្រើប្រាស់ ជាពិសេសអ្នកដែលមានអាយុក្រោម១៨ ឆ្នាំ ហើយធានាថារាល់ការធ្វើទីផ្សារទាំងអស់ ត្រឹមត្រូវតាមស្តង់ដារអន្តរជាតិ។ យើងសូមស្វាគមន៍ក្រុមហ៊ុន នៅក្នុងវិស័យឧស្សាហកម្មផលិតស្រាផ្សេងទៀតនៅកម្ពុជា ដើម្បីចូលរួមជំរុញកិច្ចខិតខំប្រឹងប្រែង និងគាំទ្រដល់ក្រមប្រតិបត្តិដ៏សំខាន់នេះ៕

សូមចុះលីងដើម្បីទាញយកក្រមប្រតិបត្តិ៖ Link (https://bit.ly/SelfRegulatoryCode)