(ភ្នំពេញ)៖ ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុន សែលកាត និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប គឺជាក្រុមហ៊ុនដែលផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា នៅថ្ងៃនេះក្រុមហ៊ុនមានមោទនភាពប្រកាសការវិនិយោគដែលមានទឹកប្រាក់ចំនួន ១៨០លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤ ក្នុងការពង្រីកបណ្តាញសេវាគ្របដណ្តប់ទូទាំងប្រទេស។

ការពង្រីកបណ្តាញសេវាគ្របដណ្តប់នេះ គឺជាការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការផ្តល់នូវបណ្តាញសេវាគ្របដណ្តប់ឲ្យកាន់តែច្រើនទីតាំងបន្ថែមទៀតទូទាំងប្រទេស រួមទាំងក្នុងតំបន់សហគមន៍ដែលមានបណ្តាញសេវាគ្របដណ្តប់នៅមានកម្រិតនៅឡើយ។
 
ផែនការពង្រីកបណ្តាញសេវាគ្របដណ្តប់ដែលមានទឹកប្រាក់ចំនួន១៨០លានដុល្លារអាមេរិកនេះ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ហើយផែនការនេះបានឆ្លុះបញ្ចាំងពីការផ្តោតជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន សែលកាត លើការប្រើប្រាស់ហិរញ្ញប្បទានដែលទទួលបាននាពេលថ្មីៗនេះប្រកបដោយនិរន្តរភាព ដើម្បីសម្រេចបាន នូវកំណើនរយៈពេលវែង និងផលវិជ្ជមានដល់សង្គមជាតិ។
 
លោក Simon Perkins នាយកប្រតិបត្តិ នៃក្រុមហ៊ុនសែលកាត ចែករំលែកទស្សនៈរបស់លោកថា ការវិនិយោគដែលមានទឹកប្រាក់ចំនួន១៨០លានដុល្លារអាមេរិកនេះ បញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនសែលកាត ចំពោះការអភិវឌ្ឍឌីជីថលរបស់ប្រទេសកម្ពុជា។

លោកបានបន្តទៀតថា តាមរយៈការពង្រីកបណ្តាញសេវាគ្របដណ្តប់របស់ក្រុមហ៊ុន ក៏ផ្តោតលើសហគមន៍ដែលបមានណ្តាញសេវាគ្របដណ្តប់នៅមានកម្រិតផងដែរ។ យើងមានគោលបំណងផ្តល់បណ្តាញសេវាគ្របដណ្តប់ជូនប្រជាពលរដ្ឋកម្ពុជាទាំងអស់តាមតម្រូវការ ដើម្បីការរីកចម្រើនក្នុងយុគសម័យឌីជីថល។
 
ក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏នឹងរៀបចំកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំ (AGM) លើកដំបូងរបស់ខ្លួន នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។ កិច្ចប្រជុំដ៏សំខាន់នេះបង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនសែលកាត ចំពោះតម្លាភាពដែលមានការចូលរួមពីសំណាក់ភាគហ៊ុននិក។

របៀបវារៈសំខាន់ៗ នៃកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំ (AGM) នេះរួមមាន ការបែងចែកភាគលាភអប្បបរមាដែលបានធានា៖ ភាគហ៊ុនិក នឹងបោះឆ្នោតលើការបែងចែកភាគលាភអប្បបរមាដែលត្រូវបានធានារហូត ដល់កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកលើកក្រោយៗទៀត។

ការបោះផ្សាយមូលបត្របន្ថែម សំណើសម្រាប់ការបោះផ្សាយមូលបត្របន្ថែមនៅផ្សារមូលបត្រ នៃព្រះរាជាណាចក្រថៃ (SET) នឹងត្រូវបានពិចារណា។ ការសម្រេចលើការ កែប្រែលក្ខន្តិកៈក្រុមហ៊ុន៖ ភាគហ៊ុននិក នឹងបោះឆ្នោតលើសំណើការសម្រេចលើការ កែប្រែលក្ខន្តិកៈក្រុមហ៊ុន ចុះថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៣។ 
 
ក្រុមហ៊ុន សែលកាត ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករក្នុងស្រុកតែមួយគត់ ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជនយូរជាងគេនៅប្រទេសកម្ពុជា មានប្រវត្តិដ៏យូរលង់ និងល្បីល្បាញ មានការច្នៃប្រឌិតខ្ពស់មុនគេក្នុងទីផ្សារកម្ពុជា និងមានបណ្តាញទូរស័ព្ទចល័តលឿនបំផុតគួរជាទីទុកចិត្ត។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង៤លាននាក់ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។   
 
ក្រុមហ៊ុននៅតែរក្សាជំហរនៅក្នុងទីផ្សារ ក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ដោយប្រសិទ្ធភាពបំផុត។ 
 
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បង្កើតឡើងក្នុងឆ្នាំ១៩៩១ ដែលជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាយុទ្ធសាស្រ្តរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនវិនិយោគដែលមានសក្តានុពលខ្លាំងបំផុតក្នុងប្រទេស។

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ជាក្រុមហ៊ុនមេ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនគួរជាទីចំណាប់អារម្មណ៍ មានដូចជា វិស័យធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនវិនិយោគ ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនថាមពល ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ក្រុមហ៊ុនផ្នែកវិស័យអប់រំ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ក្រុមហ៊ុនពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស៕