(មេនឆេស្ទើ)៖ លោក Erik ten Hag ត្រូវបានបន្លាយកិច្ចសន្យា ១ឆ្នាំទៀត ក្នុងការដឹកនាំបិសាចក្រហម Manchester United បន្ទាប់ពីជួបប្រជុំជាមួយក្រុមប្រឹក្សាក្លិបរួចមក។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

បុរសសញ្ជាតិហូឡង់ខាងលើនេះបានជួយ Man Utd ឈ្នះជើងឯក FA Cup កាលពីខែមុន និងជាពានទី២ របស់លោកផងដែរ ក្នុងការដឹកនាំបិសាចក្រហម ២រដូវកាលមកនេះ។

មុនការប្រកួតដែលបានយកឈ្នះគូប្រជែង Manchester City ២-១ ផ្តាច់ព្រ័ត្រពានលំដាប់ទី២ អង់គ្លេសនោះដែរ លោក Ten Hag ត្រូវបានគេរាយការណ៍ថា នឹងត្រូវដកតួនាទីគ្រូបង្វឹក បើទោះបីជាទទួលបានលទ្ធផលយ៉ាងណាក៏ដោយ ប៉ុន្តែក្រោយមក ថ្នាក់ដឹកនាំ Man Utd មានការផ្លាស់ប្តូរចិត្ត និងគិតវិជ្ជមានចំពោះលោកទៅវិញ ដ្បិតក្រុមមួយនេះមានកៅអីលេងពានអឺរ៉ុប UEFA Europa League នារដូវកាលឆ្នាំ២០២៤-២០២៥ ផងនោះ។

ជាការឆ្លើយតប ក្រោយពីការជួបពិភាក្សាគ្នារួចមក ថ្នាក់ដឺកនាំ Man Utd បានសម្រេចផ្តល់ការទុកចិត្តឱ្យលោក Erik ten Hag វ័យ ៥៤ឆ្នាំ បន្តកាន់កាប់តួនាទីធំនេះក្នុងក្លិប ១រដូវកាលជាបន្តទៀត៕