(ម៉ូនិច)៖ ខ្សែប្រយុទ្ធចាស់វស្សា Cristiano Ronaldo រកបាន ២គ្រាប់ម្នាក់ឯង ក្នុងជ័យជម្នះ ៣ទល់នឹង០ របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ទៅលើគូប្រជែងសាធារណរដ្ឋអៀរឡង់ ក្នុងជំនួបមិត្តភាពអន្តរជាតិនៅរាត្រីឆ្លងចូលថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា)។

បើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា ២គ្រាប់បន្ថែមនេះដែរ បានធ្វើឱ្យកីឡាករវ័យ ៣៩ឆ្នាំ ស៊ុតបាន ១៣០គ្រាប់ហើយជាមួយជម្រើសជាតិបច្ចខែលព័រទុយហ្គាល់ ពីការចូលលេងបាន ២០៧ប្រកួតផងដែរ តាមពីក្រោយដោយកីឡាករអ៊ីរ៉ង់ Ali ដែលមានតែ ១២៨គ្រាប់ប៉ុណ្ណោះ។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Estadio Municipal de Aveiro ដែលជា ១ប្រកួតមិត្តភាពចុងក្រោយ មុនពេលលោក Roberto Martinez ដឹកនាំព័រទុយហ្គាល់ហោះទៅអាល្លឺម៉ង់ ដើម្បីចូលរួមប្រកួតពានរង្វាន់អឺរ៉ុប European Championship 2024 អតីតក្រុមជើងឯកអឺរ៉ុប ឆ្នាំ២០១៦ មួយនេះលេងឈ្នះ២ និងចាញ់១ ក្នុងចំណោម ៣ប្រកួតកំដៅសាច់ដុំ។

ក្នុងប្រកួតនោះដែរ ខ្សែប្រយុទ្ធ Joao Felix ដែលត្រូវបានជ្រើសរើសចេញពីក្លិប FC Barcelona ជាអ្នករកបានគ្រាប់បាល់បើកឆាកនៅនាទី១៨ មុនពេល Ronaldo ដែលកំពុងប្រកបអាជីពនៅក្លិប Al-Nassr ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតធ្វើបាន ២គ្រាប់ គម្លាតត្រឹមតែ ១០នាទីពីគ្នាប៉ុណ្ណោះ នៅមុនពេលប៉ះសាធារណរដ្ឋឆែកនៅថ្ងៃបើកឆាក Euro 2024 របស់ពួកគេនាថ្ងៃទី១៨ ខែមិថុនា។

តាមរយៈជ័យជម្នះនេះដែរ វាបានក្លាយជារសៀលដ៏លំបាកសម្រាប់អៀរឡង់ ដែលបានរងបរាជ័យជាលើកទី២ ផងដែរ ស្ថិតការដឹកនាំដោយគ្រូបង្វឹកស្តីទី គឺលោក John O’Shea៕