(បរទេស)៖ សមាគមឧស្សាហកម្មរថយប្តចិនបានថ្លែងឲ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញនេះថា ផែនការរបស់ក្រុមហ៊ុនផលិតរថយន្តចិន ក្នុងការវិនិយោគនៅអឺរ៉ុបនឹងមិនត្រូវបានបង្វែរទៅកាន់គោលដៅផ្សេង ដោយសារការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធន ពីសំណាក់សហភាពអឺរ៉ុប មកលើរថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិននោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។

លោក Cui Dongshu អគ្គលេខាធិការនៃសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បាននិយាយថា «សហគ្រាសចិននឹងបន្តអភិវឌ្ឍដោយឥតឈប់ឈរនៅអឺរ៉ុប និងធ្វើសមាហរណកម្មទៅក្នុងទីផ្សារក្នុងស្រុក»។ លោកក៏បានលើកឡើងផងដែរថា ការនាំចេញរថយន្តរបស់ចិនមានការថតចុះនៅក្នុងខែឧសភា និងចំពេលមានការធ្លាក់ចុះនៃការលក់ក្នុងស្រុក។

សហភាពអឺរ៉ុប បានចោទប្រកាន់ក្រុមហ៊ុនផលិតរថយន្តចិនថា ទទួលបានអត្ថប្រយោជន៍ដោយអយុត្តិធម៌ពីការឧបត្ថម្ភធនរបស់រដ្ឋខិន ហើយបានចោទប្រកាន់ពួកគេពីបទបង្ខូចការផលិតលើសនៅអឺរ៉ុប ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំងបដិសេធ។

សហភាពអឺរ៉ុបនៅសប្តាហ៍នេះត្រូវបានគេរំពឹងថានឹងប្រកាសពន្ធដែលខ្លួនគ្រោងនឹងកំណត់ចំពោះយានជំនិះអគ្គិសនីរបស់ចិននៅក្នុងការផ្លាស់ប្តូរដែលអាចជំរុញឱ្យមានការសងសឹក។

លោក Cui បាននិយាយថា «ឧស្សាហកម្មផលិតរថយន្តបែបប្រពៃណីដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការងារនៅអឺរ៉ុប ... ក្រុមហ៊ុនចិននឹងមិនចាត់វិធានការឈ្លានពាន ឬការផ្លាស់ប្តូរតម្លៃទាបដើម្បីរំខានដល់ស្ថិរភាពការងារនៅអឺរ៉ុបឡើយ»

ទិន្នន័យរបស់ CPCA បានបង្ហាញថា ការនាំចេញរថយន្តថាមពលថ្មីរបស់ចិន (NEVs) ដែលរួមមានរថយន្តអគ្គិសនី និងរថយន្ត Plug-in Hybrid បានធ្លាក់ចុះ ៤% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែឧសភា ហើយបានធ្លាក់ចុះជាង ១៨% ធៀបនឹងខែមុន។ ការនាំចេញ NEV ជាភាគរយនៃការនាំចេញរថយន្តសរុបមានចំនួន ២៤.៨% ដែលជាការធ្លាក់ចុះប្រចាំឆ្នាំដ៏កម្រ។ ទិន្នន័យក៏បានបង្ហាញជារួម ការនាំចេញរថយន្តដឹកអ្នកដំណើរបានធ្លាក់ចុះ ៩% ពីកម្រិតខ្ពស់ក្នុងខែមេសា មកនៅត្រឹម ៣៧៨,០០០ គ្រឿងក្នុងខែឧសភា៕