(ប៊ែកឡាំង)៖ លោក Gareth Southgate អ្នកចាត់ការទូទៅក្រុមតោកំណាចអង់គ្លេសបានចាត់ទុកថា ពានរង្វាន់អឺរ៉ុប នៅអាល្លឺម៉ង់លើកនេះ អាចជាពានចុងក្រោយដែលរូបលោកឈ្នះជាមួយជម្រើសជាតិ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

បុរសវ័យ ៥៣ឆ្នាំ សញ្ជាតិអង់គ្លេសរូបនេះបានដឹកនាំអង់គ្លេសលេងពានធំៗ ៤កម្មវិធីមកហើយ ក្រោយត្រូវបានដំឡើងពីគ្រូបង្វឹកយុវជនមកកាន់ក្រុមធំអង់គ្លេសតាំងពីឆ្នាំ២០១៦ មក។

លោក Southgate បានដឹកនាំអង់គ្លេសឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាល World Cup 2018 នៅប្រទេសរុស្ស៊ី និងឡើងដល់ផ្តាច់ព្រ័ត្រផងដែរកាល Euro 2020 ហើយចុងក្រោយឡើងដល់វគ្គ ៨ក្រុមចុងក្រោយប៉ុណ្ណោះ កាលពី World Cup 2022 នៅប្រទេសកាតា ដោយពុំទាន់ឈ្នះពានណាមួយនៅឡើយទេ ក្នុងរយៈពេល ៨ឆ្នាំមកនេះ។

មុនការប្រកួត Euro 2024 នៅប្រទេសអាល្លឺម៉ង់មកដល់ លោក Southgate បានគូសបញ្ជាក់ថា «វាជាឱកាសចុងក្រោយសម្រាប់ខ្ញុំផងដែរ ក្នុងការឈ្នះពានជាមួយអង់គ្លេស។ ប្រសិនបើមិនឈ្នះទេ ខ្ញុំប្រហែលជានឹងមិននៅទីនេះទៀតទេ។ ពួកយើងចង់ក្លាយជាក្រុមកំពូល រួមទាំងខ្ញុំជាគ្រូបង្វឹកលើគេផងដែរ ក្នុងបរិយាកាសដ៏ធំបែបនេះ»

គួរបញ្ជាក់ផងថា កិច្ចសន្យាចាស់របស់លោក Southgate នឹងផុតកំណត់ជាមួយអង់គ្លេសនាអំឡុងខែធ្នូចុងឆ្នាំ២០២៤ នេះ ក៏ប៉ុន្តែសហព័ន្ធបាល់ទាត់អង់គ្លេស FA មានទំនោរចង់ឱ្យលោកបន្តដឹកនាំទៀត ពោលគឺរហូតដល់ព្រឹត្តិការណ៍ World Cup 2026 ដែលអាមេរិក កាណាដា និងមិចស៊ិក ធ្វើសហម្ចាស់ផ្ទះ៕