(ភ្នំពេញ)៖ គម្រោងអភិវឌ្ឍន៍ Bay of Lights បាននាំយកអំណោយសប្បុរសធម៌ ដែលមានជាគ្រឿងឧបភោគបរិភោគសំខាន់ៗ ចែកជូនដល់ប្រជាពលរដ្ឋចំនួន ៦២គ្រួសារ ដែលកំពុងជួបការលំបាកនៅក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់គម្រោង Bay of Lights ក្នុងភារកិច្ចទ្រទ្រង់សុខុមាលភាព របស់ប្រជាជនក្នុងសហគមន៍មូលដ្ឋាន ដែលបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយ នៃគម្រោងអភិវឌ្ឍន៍ដែលនាំមកនូវការអភិវឌ្ឍនេះ។

អំណោយសប្បុរសធម៌នេះ រួមមាន អង្ករ មីកញ្ចប់ ត្រីខកំប៉ុង និងគ្រឿងឧបភោគបរិភោគផ្សេងៗទៀត ត្រូវបានផ្ដល់ជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ដែលរស់នៅក្នុងតំបន់ក្បែរគម្រោង Bay of Lights ដែលជំនួយនេះ មិនត្រឹមតែបំពេញតម្រូវការជីវភាពរស់នៅប្រចាំថ្ងៃ សម្រាប់ក្រុមគ្រួសារដែលកំពុងខ្វះខាតនោះទេ តែក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់គម្រោង Bay of Lights ក្នុងទិសដៅចូលរួមយ៉ាងសកម្មក្នុងការគាំទ្រ ដល់សហគមន៍ ក្នុងអំឡុងពេលដែលតំបន់កំពុងឆ្ពោះទៅរកការអភិវឌ្ឍផងដែរ។

បើតាមអ្នកនាំពាក្យរបស់ Bay of Lights បានឱ្យដឹងថា «បេសកកម្មរបស់ Bay of Lights គឺកសាងសហគមន៍មួយប្រកបដោយភាពរស់រវើក និងនិរន្តរភាពដែលលើសពីការរំពឹងទុក ស័ក្តិសមនឹងសម្រស់ឆ្នេរខ្សាច់ដ៏ស្រស់ស្អាតរបស់ក្រុងព្រះសីហនុ។ លើសពីគោលដៅអភិវឌ្ឍន៍ គម្រោងយើងបានប្តេជ្ញាយ៉ាងជ្រាលជ្រៅចំពោះសុខុមាលភាពសង្គមរបស់សហគមន៍ទាំងនោះ»

លោកបានបន្តទៀតថា «ថ្វីត្បិតតែការផ្តល់អំណោយសប្បុរសធម៌នេះ គឺជាផ្នែកមួយនៃការគាំទ្ររបស់ពួកយើង តែការផ្តល់នូវឱកាសការងារជាច្រើនក៏ជាចំណុចសំខាន់នៃបេសកកម្មរបស់យើងផងដែរ។ ប្រជាពលរដ្ឋជាច្រើនមកពីភូមិអុងបាននិងកំពុងបម្រើការងារនៅគម្រោងយើង ដែលនេះអាចធានាថា ស្របពេលដែលគម្រោង Bay of Lights កំពុងអភិវឌ្ឍន៍ទៅមុខ សហគមន៍របស់យើងក៏នឹងអាចរីកចម្រើនស្របគ្នាដែរ ពោលគឺ យើងកសាងអនាគតមួយដែលទាំងសហគមន៍ និងគម្រោងអាចរីកចម្រើនលូតលាស់ជាមួយគ្នា»

ចាប់តាំងពីបើកការដ្ឋានសាងសង់មក គម្រោង Bay of Lights បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរក្នុងមូលដ្ឋាន និងថ្នាក់ដឹកនាំសហគមន៍ ដើម្បីធានាថាការអភិវឌ្ឍស្របទៅនឹងផលប្រយោជន៍ពិតរបស់សហគមន៍។ កិច្ចសហការនេះបានបង្កើតឱកាសការងារក្នុងស្រុកយ៉ាងច្រើន ចាប់ពីវិស័យសំណង់រហូតដល់បដិសណ្ឋារកិច្ច និងបានពង្រឹងសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់តាមរយៈការរៀបចំកន្លែងកម្សាន្ត និងព្រឹត្តិការណ៍នានាដូចជា រមណីយដ្ឋានមាត់ឆ្នេរ Beach Club ទីលានប្រណាំងឡាន Go-Kart ក៏ដូចជាព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិ SkyFest និងពិធីបុណ្យហាឡូវីនជាដើម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមិនត្រឹមតែបំពេញតម្រូវការអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែងនៅក្នុងសហគមន៍ទាំងនោះផងដែរ។

លើសពីការលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក Bay of Lights បន្តពង្រឹងការគាំទ្រសហគមន៍តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រ និងការរួមចំណែកដ៏មានអត្ថន័យដល់សង្គម។ ជាក់ស្ដែង គម្រោងនេះបានសហការជាមួយអង្គការក្រៅរដ្ឋាភិបាល ម្លប់តាប៉ាង(M'Lop Tapang) ដើម្បីបំពេញតម្រូវការសហគមន៍កាន់តែទូលំទូលាយ ក៏ដូចជាបានជួយឧបត្ថម្ភថវិកាចំនួន ១០,០០០ ដុល្លារ និងសម្ភារដំបូលផ្ទះចំនួន ២,០០០សម្រាប់ប្រជាជនដែលរងការខូចខាតដោយបាតុភូតអាកាសធាតុនៅក្នុងខេត្តព្រះសីហនុកាលពីឆ្នាំមុនផងដែរ។

ដើម្បីលើកកម្ពស់សុខុមាលភាពសហគមន៍បន្ថែមទៀត Bay of Lights បានសហការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា(Plan International Cambodia)ក្នុងការដំឡើងស្ថានីយ៍លាងដៃប្រើឈ្នាន់ជើងនៅតាមសាលារៀនក្នុងស្រុក និងដើម្បីលើកកម្ពស់ការអនុវត្តអនាម័យប្រកបដោយសុវត្ថិភាព និងគាំទ្រដល់ការអប់រំដែលមានសុខភាពល្អ បន្ទាប់ពីជំងឺរាតត្បាត។

គំនិតផ្តួចផ្តើមទាំងនេះបង្ហាញថា គម្រោង Bay of Lights មិនមែនគ្រាន់តែជាការកសាងហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ គឺថែមទាំងកសាងសហគមន៍មួយដែលចេះគាំទ្រគ្នាយ៉ាងជិតស្និទ្ធផងដែរ។ កិច្ចខិតខំប្រឹងប្រែង និងគាំទ្ររបស់ Bay of Lights ចំពោះសហគមន៍ បញ្ជាក់ពីការប្តេជ្ញាចិត្តចំពោះនិរន្តរភាពសង្គម ដោយធានាថាការអភិវឌ្ឍន៍នេះនឹងផ្ដល់នូវផលវិជ្ជមានដល់ប្រជាពលរដ្ឋគ្រប់រូប៕