(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកការធ្វើម្ចាស់ផ្ទះការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ (2nd AMMA Championship-Cambodia 2024) នាខែកក្កដាខាងមុខ គឺជាឱកាសធ្វើទំនើបកម្ម ដើម្បីរុញក្បាច់គុនខ្មែរ ឆ្ពោះទៅរកភាពជឿលឿននៃការប្រកួតក្បាច់គុនពិភពលោក ។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន និងពិធីសម្ពោធជាផ្លូវការ នៃការចុះឈ្មោះចូលជាសមាជិក VIP Sports និងការលក់សំបុត្រចូលទស្សនាព្រឹត្តិការណ៍យុទ្ធគុនចម្រុះជើងឯកអាស៊ី នៅទីស្នាក់ការ NOCC នៅថ្ងៃពុធនេះ គ្រាដែលការប្រកួតនឹងធ្វើឡើងនាថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខ ដោយមានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា «ការធ្វើម្ចាស់ផ្ទះ AMMA នេះ គឺយើងមានគោលការណ៍ច្បាស់លាស់ និងការទទួលខុសត្រូវខ្ពស់ ចំពោះអនាគតនៃក្បាច់គុនអត្តសញ្ញាណជាតិរបស់យើង។ អ៊ីចឹងការប្រកួតក្បាច់គុនចម្រុះនេះ ចាត់ទុកជាការធ្វើទំនើបកម្មមួយ គឺយើងធ្វើយ៉ាងណាឲ្យក្បាច់គុនខ្មែររបស់យើង កាន់តែរីកចម្រើន ហើយចូលរួមជាមួយសភាពការ ឬភាពជឿនលឿន នៃការប្រកួតក្បាច់គុនលើពិភពលោក ។ នេះគឺជាគោលដៅសំខាន់របស់យើង»

អគ្គលេខាធិការ NOCC បន្ដថា ការរៀបចំជើងឯកយុទ្ធគុនចម្រុះអាស៊ីនេះ ផ្ដោតលើគោលដៅសំខាន់ៗចំនួន ២ ទី១-ដើម្បីជួយដល់កីឡាករ-កីឡាការិនី ឲ្យមានឱកាសចូលរួមប្រកួតកម្រិតខ្ពស់របស់យុទ្ធគុនចម្រុះ ដ្បិតយុទ្ធគុនចម្រុះកម្រិតខ្ពស់នៅអាស៊ី គឺជាប្រទេសនៃប្រភពក្បាច់គុន ដូចជាចិន កូរ៉េ និងបណ្ដាប្រទេសមជ្ឈិមបូព៌ា ក្នុងនោះកម្ពុជា ជាប្រភពក្បាច់គុនដ៏ចំណាស់ក្នុងប្រវត្តិសាស្ត្រដែរ។ ដូច្នេះគោលបំណង នៃការប្រកួតនេះ ក៏ដើម្បីលើកតម្កើងក្បាច់គុនខ្មែរដែរ ។

ទី២-ការធ្វើសមាហរណកម្ម ដើម្បីជំរុញកីឡាករ-កីឡាការិនីកម្ពុជា ស្គាល់អ្វីទៅជាការប្រកួតយុទ្ធគុនចម្រុះលក្ខណៈកីឡា ដែលមានបទបញ្ជា ក្រឹតក្រម និងវិន័យច្បាស់លាស់ក្នុងចលនាកីឡាអន្ដរជាតិ មិនមែនជាប្រកួតប្រជែងគ្នាដណ្ដើមលាភសក្ដារៈទេ តែជាការប្រកួតប្រជែងគ្នាយកពិន្ទុ និងកិត្តិយសជូនប្រទេសជាតិរៀងៗខ្លួន ស្របតាមបទបញ្ញាត្តិ និងគោលការណ៍សហព័ន្ធកីឡាយុទ្ធគុនចម្រុះអាស៊ី(AMMA) ដែលកំពុងរុញយុទ្ធគុនចម្រុះចូលក្នុងកម្រិតកីឡាអូឡាំពិកនាថ្ងៃអនាគត ។

លោក វ៉ាត់ ចំរើន បន្ថែមថា «ការប្រកួតនៅកម្ពុជានេះ គឺជាការប្រកួតដើម្បីជំរុញការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ ខណៈកីឡាអាស៊ី ឆ្នាំ២០២៦ នៅជប៉ុន នឹងបញ្ជូលកីឡា MMA ក្នុងកម្រិតអាស៊ី ហើយ MMA នឹងឡើងទៅមួយកម្រិតទៀត ក្នុងការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក នាឆ្នាំ២០២៨ ។ ដូច្នេះនេះគឺជាំគោលបំណងរបស់កម្ពុជា ដើម្បីសមាហរណកម្មកីឡាករ-កីឡាការិនីគុនចម្រុះ នៃក្បាច់គុនបុរាណខ្មែរទៅលើឆាកអន្តរជាតិផ្លូវការ។ នេះជាគោលបំណងធំរបស់យើងក្នុងការរៀបចំឲ្យមានការប្រកួតនេះឡើង»

លោក Steven Path នាយកប្រតិបត្តិក្រុមហ៊ុន VIP Sports ក្នុងនាមដៃគូសហការរៀបចំព្រឹត្តិការណ៍អន្ដរជាតិខាងលើ និងជាដៃគូអភិវឌ្ឍន៍វិស័យកីឡាជាតិយូរឆ្នាំ បានបញ្ជាក់ថា ព្រឹត្តិការណ៍ 2nd AMMA Championship-Cambodia 2024 នាខែក្រោយនេះ នឹងមានការលក់សំបុត្រចូលទស្សនា ដែលត្រូវបានដាក់លក់ជាផ្លូវការលើគេហទំព័រ VIS Sports (https://vipsports.com.kh) ដោយបែកចែកជា ២ប្រភេទ សម្រាប់កៅអី VIP តម្លៃ ៦ម៉ឺនរៀល និងកៅអីធម្មតាតម្លៃ ២ម៉ឺនរៀល ។ បន្ទាប់ពីទិញសំបុត្រតាមអនឡាញ ទស្សនិកជន នឹងទទួលបាន QR ដើម្បីស្គែនចូលទស្សនានៅថ្ងៃប្រកួតតែម្ដង ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែមិថុនានេះ មាន ១៧ប្រទេសហើយ ដែលបានចុះឈ្មោះចូលរួមការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ នៅកម្ពុជា តែលោករំពឹងទម្រាំដល់ថ្ងៃបិទចុះឈ្មោះអាចនឹងកើនដល់ជាង ២០ប្រទេស ។ ចំពោះម្ចាស់ផ្ទះកម្ពុជា បានត្រៀមកីឡាករ-កីឡាការិនី ១៦រូបរួចរាល់ ដើម្បីចូលរួមប្រកួតព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ រួមមានកីឡាករ ផេង សុបញ្ញា, ឡុង ឡា, រិន សារ័ត្ន, ហ៊ុន គឹមហៀង, មាស ម៉ើ, សែន ច័ន្ទរិទ្ធីគុណ (Thiago), ហ៊ុន ចន្ទរាជ, ចាន់ សំអាត, ចាន់ រតនា, អេ វីរៈខាំឈីតភូថង, ហាត ភី, កីឡាការិនី ខៀវ ចិន្ដារ័ត្ន, នៅ ស្រីពៅ, គន្ធ វ៉ាន់នីតា, អ៊ុំ ថារ័ត្ន និងកីឡាការិនី ទួន ស្រីភីន ៕