(ឡុងដ៍)៖ ខ្សែបម្រើសញ្ជាតិបារាំង Tanguy Ndombele នឹងចាកចេញពីក្លិប Tottenham Hotspur បន្ទាប់ពីមានការបញ្ចប់កិច្ចសន្យារបស់លោក ដោយការព្រមព្រៀងគ្នាទៅវិញទៅមក។ នេះបើយោងតាមក្លិបលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។

Ndombele បានចូលរួមជាមួយ Spurs លើកិច្ចសន្យារយៈពេល ៦ឆ្នាំ ដោយផ្ទេរមកពីក្លិប Lyon លេងនៅលីគ Ligue 1 ជាមួយនឹងតម្លៃកំណត់ត្រារបស់ក្លិប ៦០លានអឺរ៉ូកាលពីខែកក្កដា ឆ្នាំ២០១៩។

លោករកបាន ១០គ្រាប់ផងដែរ ក្នុងការបង្ហាញខ្លួន ៩១លើក និងបង្ហាញខ្លួនលើកដំបូង ក្នុងពេលប្រកួតទល់នឹងក្លិប Aston Villa។

សូមជម្រាបថា Ndombele នៅសល់រយៈពេល ១ឆ្នាំទៀត លើកិច្ចសន្យាចាស់របស់លោកជាមួយក្លិប Spurs ប៉ុន្តែភាគីទាំងពីរ បានសម្រេចបញ្ចប់មុនពេលកំណត់ចាប់ពីថ្ងៃទី៣០ ខែមិថុនា៕