(ហេរ៉ូហ្សេនណ័រ)៖ ខ្សែបម្រើអាល្លឺម៉ង់ Aleksandar Pavlovic នឹងខកខានការប្រកួតក្នុងព្រឹត្តិការណ៍ Euro 2024 ដោយសារមានជំងឺ ហើយគ្រូបង្វឹក Julian Nagelsmann បានកោះហៅកីឡាករ Emre Can មកជំនួស ១ថ្ងៃ​​ មុនពេលការប្រកួតបើកឆាករបស់ពួកគេ ទល់នឹងក្រុមស្កុតឡេន នៅថ្ងៃទី១៤ ខែមិថុនា។ នេះបើតាមការបញ្ជាក់ពីក្រុម ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។

អាល្លឺម៉ង់ នឹងចាប់ផ្តើមព្រឹត្តិការណ៍ ក្នុងនាមជាម្ចាស់ផ្ទះ ទល់នឹងក្រុមស្កុតឡេន នៅថ្ងៃសុក្រ ក្នុងពូល A ដែលក្នុងនោះ ក៏មានហុងគ្រី និងស្វីសផងដែរ។

Pavlovic វ័យ ២០ឆ្នាំរបស់ក្លិប Bayern Munich បានរីករាយជាមួយនឹងភាពរីកចម្រើនក្នុងរដូវកាលនេះ ដែលទទួលបានការកោះហៅឱ្យលេងក្នុងក្រុមជម្រើសជាតិ ប៉ុន្តែបញ្ហាជំងឺ ដែលធ្វើឱ្យរូបលោកត្រូវអវត្តមាន ពីការប្រកួតកម្តៅសាច់ដុំចុងក្រោយរបស់ពួកគេ ទល់នឹងក្រុមក្រិកកាលពីសប្តាហ៍មុន។

ដោយឡែក កីឡាករ Can មានរដូវកាលដ៏មមាញឹកជាមួយនឹងក្លិប Borussia Dortmund ដោយក្លិបបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ Champions League ដែលពួកគេចាញ់ Real Madrid៕