(ម៉ៃអាម៉ី)៖ ខ្សែប្រយុទ្ធចាស់វស្សា Lionel Messi បានបង្ហើបពីគម្រោងព្យួរស្បែកជើងបាល់ទាត់នៅលើជញ្ជាំងនៅក្នុងក្លិប Inter Miami FC តែម្តង សមាជិកលេងក្នុងលីគកំពូលអាមេរិក Major League Soccer នាពេលបច្ចុប្បន្ននេះ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤។

នៅចាំបានថា Messi វ័យ ៣៦ឆ្នាំ បានមកចូលរួមជាមួយ Inter Miami នាអំឡុងខែកក្កដា ឆ្នាំ២០២៣ ក្រោយពេលផុតកិច្ចសន្យាលេងឱ្យក្លិបបារាំង Paris Saint Germain ២រដូវកាលរួចមក។

Messi ដែលមានកិច្ចសន្យាលេងឱ្យក្លិបរបស់ David Beckham រហូតដល់ឆ្នាំ២០២៥ ជាមួយនឹងជម្រើសបន្ថែមទៀតផងនោះបានថ្លែងថា «គិតមកដល់បច្ចុប្បន្ននេះ ខ្ញុំគិតថា Inter Miami ជាក្លិបចុងក្រោយសម្រាប់ខ្ញុំហើយ ដ្បិតខ្ញុំមិនទាន់រួចរាល់ក្នុងការចាកចេញពីបាល់ទាត់ក៏ដោយ។ ដំបូងឡើយ វាលំបាកខ្លាំងណាស់ដើម្បីចាកចេញពីតំបន់អឺរ៉ុប ផ្លាស់មកទីនេះ តែធាតុពិតនៃការឈ្នះជើងឯកពិភពលោក វាបានជួយយើងច្រើនក្នុងការមើលឃើញពីភាពខុសប្លែកគ្នាផងដែរ»

តារា World Cup ឆ្នាំ២០២២ របស់អាហ្សង់ទីនរូបនេះ មិនមានទំនោរលេងឱ្យតែ ១ក្លិប ដើម្បីចូលនិវត្តន៍ដូចកីឡាករលំដាប់ពិភពលោកខ្លះនោះទេ ដោយនៅពេលរូបនេះ Messi ស៊ុតបាន ១២គ្រាប់ និងបោះឱ្យគេស៊ុត ១៣លើក ពីការបង្ហាញខ្លួន ១២ប្រកួត ដោយជួយ Inter Miami ឈរទីកំពូលតារាង MLS ទៀតផង៕