(តូរីន)៖ ក្លិបបាល់ទាត់សេះបង្កង់ Juventus បានឈានដល់កិច្ចព្រមព្រៀងផ្លូវការ ក្នុងការតែងតាំងលោក Thiago Motta ជាគ្រូបង្វឹកថ្មីរបស់ពួកគេហើយ ក្រោមកិច្ចសន្យារយៈពេល ៣ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

លោក Motta វ័យ ៤១ឆ្នាំ ធ្លាប់ចូលលេងឱ្យជម្រើសជាតិអាសូរីអ៊ីតាលី ៣០ប្រកួតផងដែរ នៅមុនពេលវិវត្តន៍ខ្លួនក្លាយជាគ្រូបង្វឹកដល់បច្ចុប្បន្ននេះ។

ការតែងតាំងអតីតគ្រូបង្វឹកក្លិប Bologna សមាជិកលេងនៅ Serie A ផងនោះ ដើម្បីជំនួសកន្លែងលោក Massimiliano Allegri ដែលត្រូវបានដកតំណែងនេះ ក្រោយពេលដឹកនាំ Juventus ឈ្នះជើងឯក Coppa Italia បានតែ ២ថ្ងៃប៉ុណ្ណោះ។

មុនពេលលាឈប់ពី Bologna ដើម្បីមកកាន់ Juventus នេះ លោក Motta បានដឹកនាំ Bologna ដណ្តើមបានកៅអីលេងពានអឺរ៉ុប UEFA Champions League សម្រាប់រដូវកាលក្រោយទៀតផង ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ ក្នុងលីគ។

ក្រោយពីចុះកិច្ចសន្យាចប់សព្វគ្រប់រួចរាល់ លោក Motta ក៏បានថ្លែងឱ្យដឹងដែរថា «ខ្ញុំពិតជារីករាយខ្លាំងណាស់ ដោយបានចាប់ផ្តើមទំព័រថ្មីនៅក្នុងក្លិបធំដូចជា Juventus នេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ម្ចាស់ក្លិប និងអ្នកគ្រប់គ្រងឯទៀតដែរ ចំពោះឆន្ទះដ៏ពិតប្រាកដរបស់ខ្ញុំ ក្នុងការជួយទង់ជាតិ Juventus បន្តស្ថិតនៅលើគេ និងធ្វើឱ្យអ្នកគាំទ្រសប្បាយរីករាយទៀតផង»៕