(បរទេស)៖ ក្រុមហ៊ុនយក្ស Apple បានវ៉ាដាច់ Microsoft លើទីផ្សារហ៊ុនកាលពីថ្ងៃពុធកន្លងទៅនេះ និងបានក្លាយជាក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតលើពិភពលោក បន្ទាប់ពីក្រុមហ៊ុននេះ បានប្រកាសពីការជំរុញរបស់ខ្លួនទៅក្នុងបញ្ញាសិប្បនិម្មិត AI ក្នុងអំឡុងពេលសន្និសីទអ្នកអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃចន្ទដើមសប្តាហ៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។

Apple មានតម្លៃលើទីផ្សារមូលប័ត្រចំនួន ៣.៣ពាន់ពាន់លានដុល្លារ ខណៈ Microsoft មានតម្លៃ ៣.២ពាន់ពាន់លានដុល្លារ។ ក្រុមវិនិយោគិន បន្ទាប់ពីបានស្វែងយល់ពីផែនការពង្រីកខ្លួនរបស់ Apple សម្រាប់បញ្ញាសិប្បនិមិត្ត AIហើយនោះ ក៏បានសម្រុកគាំទ្ររហូតធ្វើឲ្យភាគហ៊ុនកើនឡើងជាង៧% ដល់កម្រិតខ្ពស់កាលពីថ្ងៃអង្គារកន្លងទៅ។ ក្រោយមក ក៏មានការកើនឡើងថែមទៀតប្រមាណ ២.៨%។ ជាក់ស្តែងទៅ ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួននឹងជំរុញបច្ចេកវិទ្យា AI ទៅគ្រប់កម្មវិធីដើមរបស់ខ្លួន និងឧបករណ៍ចុងក្រោយបំផុតរបស់ខ្លួន ជាមួយនឹងលក្ខណៈពិសេសជាច្រើន ចាប់ពីបច្ចេកវិទ្យាជំនួយការសរសេរ រហូតដល់ AI បង្កើត emojis ។

ទោះបីជា Apple បង្ហាញពីគម្រោង AI របស់ខ្លួនក៏ពិតមែន ប៉ុន្តែក្រុមអ្នកវិភាគមើលឃើញថា Microsoft ក៏ទំនងជាអ្នកទទួលផលពីមហិច្ឆតា AI របស់ Apple ផងដែរ។ ពោលគឺក្រុមហ៊ុនផលិតទូរស័ព្ទ iPhone នេះ បានប្រកាសថា ខ្លួននឹងរួមបញ្ចូលម៉ូដែលភាសាធំរបស់ OpenAI ជាមុខងារដែលមានស្រាប់ សម្រាប់អ្នកប្រើប្រាស់របស់ខ្លួន ជាមួយនឹងម៉ូដែលផ្សេងទៀត។ ត្បិតក្រុមហ៊ុន Microsoft គឺជាអ្នកវិនិយោគធំជាងគេមួយរបស់ OpenAI ហើយសេវាកម្ម Cloud Azure របស់ខ្លួន បានឃើញការរីកចម្រើននាពេលថ្មីៗនេះ ដែលជំរុញដោយការទទួលយកយ៉ាងទូលំទូលាយនូវគំរូរបស់ OpenAI៕