(ភ្នំពេញ)៖ ក្រោយរបូតកៅអីលីគកំពូល ២រដូវកាល (ឆ្នាំ២០២២ និង ២០២៣/២៤) សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ដែលគេស្គាល់ជាក្រុមប៉ូលិស នឹងត្រឡប់មកកាន់ក្របខណ្ឌលីគកំពូលកម្ពុជា(Cambodian Premier League)វិញ នារដូវកាលថ្មី ឆ្នាំ២០២៤/២៥ ខាងមុខ ។

យោងតាមការជូនដំណឹងរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ(CPL) ក្នុងសប្ដាហ៍នេះ មានក្លិបចំនួន ២ ដែលត្រូវបានដំឡើងមកក្របខណ្ឌ Cambodian Premier League 2024/25 រួមមានក្រុមជើងឯកលីគទី២ ឆ្នាំ២០២៣/២៤ ឡាយហ្វ ខេត្តព្រះសីហនុ និងក្រុមជើងឯករង ក្រសួងមហាផ្ទៃ ។ ការណ៍នេះ នាំឲ្យលីគរដូវកាលថ្មី នឹងមានបេក្ខភាពប្រកួតប្រជែងសរុបចំនួន ១១ក្លិប បន្ទាប់ពីក្លិបបាល់ទាត់ខេត្តព្រៃវែង បានប្រកាសដកខ្លួន និងរំសាយ កាលពីថ្មីៗ ។

ចំពោះក្រសួងមហាផ្ទៃ ត្រូវបានចាត់ទុកជាក្លិបបាល់ទាត់ដ៏ចំណាស់មួយ ដ្បិតអតីតក្រុមជើងឯកលីគ ឆ្នាំ២០០០ នេះ តែងបង្ហាញវត្តមានក្នុងលីគកំពូលកម្ពុជា ជាក់ស្ដែងជាង ១០ឆ្នាំចុងក្រោយ ទើបតែ ២រដូវកាលចុងក្រោយ កាលពីឆ្នាំ២០២២ និងឆ្នាំ២០២៣/២៤ ប៉ុណ្ណោះ ដែលមហាផ្ទៃ បានធ្លាក់ទៅលេងនៅលីគទី២ មុនទទួលបានកៅអីលីគកំពូលត្រឡប់មកវិញ នារដូវកាលថ្មីខាងមុខ ។

គួរដឹងថា ក្រៅពីក្រុមទើបឡើងមកពីលីគទី២ ទាំង ២ក្រុមខាងលើ គឺមានក្រុមចាស់ ៩ក្រុមទៀត ដែលត្រៀមស្វាគមន៍ការប្រកួតប្រជែងនារដូវកាលថ្មីខាងមុខ ដូចជាក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, វិសាខា, បឹងកេត, កងយោធពលខេមរភូមិន្ទ, ISI ដង្កោសែនជ័យ, ណាហ្គាវើលដ៏, គិរីវង់សុខសែនជ័យ និងក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប អង្គរថាយហ្គឺរ ។ ចំពោះលីគរដូវកាលថ្មី CPL នៅមិនទាន់ពីកាលបរិច្ឆេទនៃការចាប់ផ្ដើមនោះទេ ៕