(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានជំរុញឲ្យគ្រូបង្វឹកកីឡាយូដូ បន្ដឆន្ទៈជំរុញការអភិវឌ្ឍជំនាញរបស់ខ្លួន ដើម្បីផលិតបាននូវធនធានកីឡាករ-កីឡាការិនីកាន់តែច្រើន ពិសេសកីឡាករ-កីឡាការិនីមានសក្ដានុពល និងទេពកោសល្យខ្ពស់ ដើម្បីឆ្ពោះទៅដណ្ដើមមេដាយកម្រិតអូឡាំពិកនាថ្ងៃអនាគត ។

ការគូសបញ្ជាក់នេះ បន្ទាប់ពី NOCC សហការជាមួយខេមរសហព័ន្ធកីឡាយូ ក្រោមការឧបត្ថម្ភរបស់អង្គការសាមគ្គីអូឡាំពិក បានរៀបចំវគ្គសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាយូដូកម្រិតថ្នាក់ជាតិ(កម្រិត២) ដែលទើបបានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្រោយដំណើរសិក្សាជាង ១សប្ដាហ៍ ទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់ នៅទីស្នាក់ការ NOCC ។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដដែលបន្ដថា វគ្គនេះពិតជាមានសារៈសំខាន់ និងជាឱកាសកម្រ ដែលគ្រូបង្វឹកកីឡាយូដូកម្ពុជា បានសិក្សា និងទទួលចំណេះដឹងផ្ទាល់ពីអ្នកជំនាញមកពីសហព័ន្ធកីឡាយូដូអន្ដរជាតិ ។ ស្របពេលកម្ពុជា កំពុងខ្សត់ខ្សោយធនធានគ្រូផង នេះគឺជាឱកាសដ៏ល្អ ដើម្បីពង្រឹងធនធានគ្រូ ឆ្ពោះទៅការបណ្ដុះបណ្ដាល និងពង្រីកសក្ដានុពលកីឡាករ-កីឡាការិនីយូដូកម្ពុជាបន្ថែមទៀត ។

លោក វ៉ាត់ ចំរើន បានលើកឡើងថា «អ្វីដែលយើងទទួលបានពីការសិក្សាប៉ុន្មានថ្ងៃមកនេះ ដើម្បីអ្វី? កុំឲ្យការសិក្សាប៉ុន្មានថ្ងៃមកនេះឥតប្រយោជន៍ គឺត្រូវយកចំណេះដឹងទទួលបានពីការសិក្សាទៅផ្លាស់ប្ដូរឥរិយាបថការងារ ជំនាញយូដូរបស់យើង ។ អ៊ីចឹងយើងត្រូវប្រើប្រាស់ឲ្យមានតម្លៃទៅលើអ្វីដែលយើងបានសិក្សា ហើយចែករំលែកនូវអ្វីដែលបានសិក្សាពីជំនាញទៅឲ្យកូនសិស្ស អ្នកដទៃ ឬអ្នកស្រលាញ់កីឡាយូដូរបស់យើង»

លោកបន្ដថា «កីឡាយូដូរបស់យើង នៅមានការខ្សត់ខ្សោយក្នុងការរៀបចំឲ្យមានគ្រូបង្វឹក ឬកីឡាករ-កីឡាការិនីឲ្យបានច្រើនរាប់រយរាប់ពាន់នាក់ យើងអត់ទាន់បានកសាងធនធានមនុស្ស សម្រាប់កីឡាយូដូឲ្យបានគ្រប់គ្រាន់ទេ ។ អ៊ីចឹងអ្វីដែលយើងធ្វើនេះ គឺដោយឆន្ទៈ គ្រូទាំងអស់ កីឡាករ-កីឡាការិនីរបស់យើង បានលះបង់ដោយឆន្ទៈមោះមុត ក្នុងការជួយជំរុញ និងធ្វើសកម្មភាពកីឡាយូដូរបស់យើងឲ្យកាន់តែរីកចម្រើន»

ការជំរុញនេះ ស្របពេលរូបលោក និងថ្នាក់ដឹកនាំកីឡាផ្សេងទៀត មានក្ដីស្រម៉ៃចង់ឃើញកីឡាណាមួយ អាចដណ្ដើមបានមេដាយកម្រិតអូឡាំពិកនាថ្ងៃអនាគត ។ ដូច្នេះលោកបានជំរុញឲ្យគ្រូ និងកីឡាករ-កីឡាការិនីទាំងអស់ ត្រូវនាំគ្នាដាក់ក្ដីស្រម៉ៃ ហើយស្វែងរកក្ដីស្រម៉ៃនោះ តាមរយៈការបណ្ដុះបណ្ដាលធនធានកីឡាករវ័យក្មេង ដែលមានទេពគោសល្យពីកំណើត ដើម្បីឈានទៅសម្រេចក្ដីស្រម៉ៃនេះនៅថ្ងៃណាមួយ ។

គួរដឹងថា វគ្គសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាយូដូកម្រិតថ្នាក់ជាតិ(កម្រិត២) ខាងលើ បានចាប់ផ្ដើមការសិក្សាពីថ្ងៃទី០៥ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ដោយមានសិក្ខាកាម ២០នាក់ចូលរួម ខណៈជាលទ្ធផលមានសិក្ខាកាមទទួលបាននិទ្ទេសល្អ ១៥នាក់ ស្មើនឹង ៧៥%, និទ្ទេសល្អបង្គួរ ៣នាក់ ស្មើនឹង ១៥% និងនិទ្ទេសមធ្យម ២នាក់ ស្មើនឹង ១០% ៕