(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Audi ត្រូវបានរាយការណ៍មកថា នឹងវិនិយោគទឹកប្រាក់ខ្ទង់១ពាន់លានដុល្លារ នៅក្នុងគម្រោងរថយន្តអគ្គិសនីនៅក្នុងរដ្ឋ Puebla របស់ប្រទេសម៉ិកស៊ិក ដែលអាចបង្កើតការងារនៅទីនោះប្រមាណ៥០០កន្លែង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។

បើយោងតាមសេចក្តីថ្លែងការណ៍រួមមួយបានឲ្យដឹងថា ប្រធានប្រតិបត្តិក្រុមហ៊ុន Audi នៅប្រទេសម៉ិកស៉ិក លោក Tarek Mashhour និងអភិបាលក្រុង Puebla លោក Sergio Salomon សុទ្ធតែបានបង្ហាញពីគោលបំណងប្រែក្លាយរដ្ឋនៃប្រទេសម៉ិកស៉ិក ទៅជាមជ្ឈមណ្ឌលដ៏ទំនើប និងសកម្ម សម្រាប់វិស័យរថយន្តអគ្គិសនី ជាមួយនឹងការបង្កើតការងារថ្មីចំនួន៥០០កន្លែង។ សេចក្តីថ្លែងការណ៍នោះក៏បានបង្ហាញដែរថា ក្រុមហ៊ុន Audi នៅម៉ិកស៊ិក បានចាប់ផ្តើមដំឡើងហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍ដែលចាំបាច់មួយចំនួនរួចហើយ សម្រាប់ការផលិតរថយន្តដែលមាន «e-tron» ឬឧបករណ៍អគ្គិសនីពេញលេញ។ ក្រុមហ៊ុន Audi ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Volkswagen ត្រូវបានគេដឹងថា មានរោងចក្រមួយនៅក្នុងប្រទេសម៉ិកស៊ិក ក្នុងទីក្រុង Puebla នៃទីក្រុង San Jose Chiapa ដែលបច្ចុប្បន្នវាមានបុគ្គលិក ៥,០០០។ នេះបើយោងតាមទិន្នន័យរបស់ក្រុមហ៊ុន។

ជុំវិញការនិវិយោគនេះអភិបាលខេត្ត Salomon បាននិយាយតាមរយៈគណនី X ថា «ទំនុកចិត្តរបស់វិនិយោគិននៅក្នុងម៉ិកស៊ិកត្រូវបានពង្រឹង ដោយសារមានភាពប្រាកដប្រជាថា ប្រទេសរបស់យើងកំពុងរីកចម្រើនផ្នែកសេដ្ឋកិច្ច»

ការលើកឡើងបែបនេះធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានព្យាយាមបន្ធូរបន្ថយកង្វល់នានារបស់វិនិយោគិន ជុំវិញការកែប្រែប្រព័ន្ធច្បាប់។ ខណៈនាយកប្រតិបត្តិក្រុមហ៊ុន Audi បាននិយាយកាលពីខែមីនាថា ក្រុមហ៊ុនផលិតរថយន្តរបស់ខ្លួន កំពុងប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្ររថយន្តអគ្គិសនី បើទោះបីជាប្រឈមនឹងបញ្ហានានាដ៏ដោយ៕