(សៀមរាប)៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា ក្នុងមួយឆ្នំាៗបានបណ្តុះនិងដាំកូនឈើពូជប្រណិតៗរាប់ម៉ឺនដើម ដើម្បីដាំដុះឡើងវិញក្នុងតំបន់រមណីយដ្ឋានអង្គរ ហើយក៏បានដាំដុះនូវប្រភេទដើមឈើលម្អ ឬដើមឈើហូបផ្លែផ្សេងៗ ដូចជាត្នោតជាដើមឈើមួយតំណាងអត្តសញ្ញាណរបស់ខ្មែរ ក៏បានដាំដុះឡើងវិញផងដែរ។

លោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា ដើមត្នោតក្រៅពីជាឈើបុរាណមានអាយុកាលដ៏យូរលង់ ជាអត្តសញ្ញាណរបស់ខ្មែរ ក៏មានការប្រើប្រាស់ច្រើនសម្បូរបែបក្នុងជីវភាពរស់នៅប្រចាំថ្ងៃ តាំងពីដើមរហូតដល់ស្លឹក ដោយប្រជាពលរដ្ឋអាចយកមកកែច្នៃជារបស់របរប្រើប្រាស់ ឬវត្ថុអនុស្សាវរីយ៍ផ្សេងៗលក់ឱ្យទេសចរ ចំណែកផ្លែត្នោត និងទឹកត្នោតសម្រាប់ធ្វើនំលក់ជាដើម។ តម្រូវការប្រើប្រាស់ដើមត្នោតបានកើនឡើងជាប្រចាំ ជាហេតុអាចប្រឈមនិងការបាត់បង់ដើមឈើជាអត្តសញ្ញាណមួយនេះ បើសិនមិនមានការដាំដុះឡើងវិញនោះ។

លោក ញ៉ែម រស្មី បញ្ជាក់ថា អនុវត្តតាមទស្សនវិស័យ និងការគិតគូរវែងឆ្ងាយរបស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា មកដល់បច្ចុប្បន្ននេះ ដើមត្នោតដែលបានដាំដុះរួច និងកំពុងលូតលាស់យ៉ាងល្អប្រសើរលើដីនៃឧទ្យានអង្គរមានចំនួនប្រមាណ៥,០០០ដើម ខណៈក្រុមការងារក៏កំពុងបណ្តុះនៅតាមស្ថានីយបណ្តុះកូនឈើនានាមានប្រមាណជាង២,០០០ដើមបន្ថែម ដើម្បីត្រៀមដាំដុះនៅតាមទីតាំងក្បែរមាត់ប្រឡាយ និងទំនប់បុរាណនារដូវវស្សាខាងមុខនេះ។

នៅពេលដើមត្នោតដែលបានដាំដុះក្នុងពេលកន្លងមក លូតលាស់ហើយអាចអាស្រ័យផលបាន ប្រជាពលរដ្ឋនៅក្បែរៗនោះអាចអាស្រ័យផលតាមរយៈការបេះផ្លែ និងទឹកត្នោតយកទៅទ្រទ្រង់ជីវភាពប្រចាំថ្ងៃបាន ប៉ុន្តែអាជ្ញាធរជាតិអប្សរាក៏បានសំណូមពរប្រជាពលរដ្ឋមិនត្រូវកាប់ដើមត្នោតទាំងនោះជាដាច់ខាត ព្រោះថាដើមឈើទាំងនោះ ទម្រាំដាំដុះឱ្យធំលូតលាស់ផ្តល់ផលមកវិញចំណាយពេលមិនតិចជាង២០ឆ្នាំឡើយ៕