(ភ្នំពេញ)៖ ពានរង្វាន់ជើងឯកទ្វីបអាស៊ីយុវជនអាយុក្រោម ១៧ឆ្នាំ (AFC U17 Asian Cup 2025) បានធ្វើការចាប់ឆ្នោតបែងចែកពូល សម្រាប់វគ្គជម្រុះរួចរាល់ហើយ ដោយក្រុមជម្រើសជាតិ U17 កម្ពុជា ស្ថិតក្នុងពូលB ជាមួយបេក្ខភាពប្រកួតប្រជែង ៤ប្រទេសផ្សេងទៀត រួមមានក្រុមជម្រើសជាតិ U17 អាហ្វហ្គានីស្ថាន, បង់ក្លាដេស, ហ្វីលីពីន និងម៉ាកាវ ។

សម្រាប់វគ្គជម្រុះពានរង្វាន់យុវជន U17 ប្រចាំទ្វីបអាស៊ីនេះ គឺមានបេក្ខភាពចូលរួមសរុបរហូតដល់ ៤៣ក្រុម និងបែកចែកជា ១០ពូល ក្នុងនោះពូលA, B និងពូលC មាន ៥ក្រុមក្នុងមួយពូល ខណៈចាប់ពីពូលD រហូតដល់ពូលJ គឺមាន ៤ក្រុមប៉ុណ្ណោះក្នុងមួយពូល ។

ជាមួយបេសកកម្មខាងលើនេះដែរ កម្ពុជាទទួលសិទ្ធពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) ដើម្បីធ្វើម្ចាស់ផ្ទះការប្រកួតជម្រុះពូល B ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខ នៅរាជធានីភ្នំពេញ ៕