(បរទេស)៖ នៅក្នុងព្រឹត្តិការណ៍ WWDC 2024 កន្លងទៅនាពេលថ្មីៗនេះរបស់ក្រុមហ៊ុនយក្ស Apple បានប្រកាសបង្ហាញពីការធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ iOS 18 និង OS ជំនាន់ថ្មីទៅកាន់ឧបករណ៍របស់ខ្លួនព្រមទាំងបញ្ចេញមុខងារ Apple Intelligence, ChatGPT និងមុខងារជាច្រើផ្សេងទៀត។ ទន្ទឹមនឹងការធ្វើបច្ចុប្បន្នេះភាពនេះ សម្រាប់ឧបករណ៍ចាស់ៗមួយចំនួនរបស់ Apple នឹងមិនទទួលបានការដំឡើងនោះទេរួមមាន iPad, Watches និង Macs ជាដើម។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។

ខាងក្រោមនេះ គឺជាឧបករណ៍ចាស់ៗមួយចំនួនរបស់ Apple ដែលត្រូវបានទម្លាក់ក្រោយ OS ជំនាន់ថ្មី៖

• ម៉ូដែល iPads ជំនាន់ទី៦ ផលិតឆ្នាំ២០១៨ និង iPad Pro ជំនាន់ទី២ ផលិតឆ្នាំ២០១៧ នឹងមិនអាចដំឡើងទៅកំណែ iPadOS 18 បាននោះទេ។ មិនត្រឹមតែប៉ុណ្ណោះសម្រាប់ iPad Pro ជំនាន់ទី១ ទំហំ ១០.៥អ៊ីញ ផលិតឆ្នាំ២០១៧ និង iPad Pro ទំហំ ១១អ៊ីញ ផលិតឆ្នាំ២០១៨ ក៏ត្រូវបានបញ្ឈប់ផងដែរ ហើយនឹងមិនទទួលបានការអាប់ដេតឡើយ។

• ចំពោះ Apple Watch Series 4 និង 5 ក៏ដូចជា Apple Watch SE ឆ្នាំ២០២២ មិនទទួលបានការគាំទ្រ watchOS 11 នោះទេ ខណៈ Apple Watch ទាំងនេះបញ្ចប់ត្រឹមកំណែអាប់ដេតចុងក្រោយបំផុតគឺ watchOS 10.5។

• ម៉ូដែល iMac Pro ផលិតឆ្នាំ២០១៧, Mac Pro ផលិតឆ្នាំ២០១៩ និង Mac Studio ផលិតឆ្នាំ២០២២ ក៏មិនទទួលបានការអាប់ដេត macOS ចុងក្រោយបង្អស់ផងដែរ។

គួរជម្រាបថា ឧបករណ៍ចាស់ៗខាងលើនេះ អ្នកប្រើប្រាស់នឹងនៅតែអាចបន្តប្រើបានធម្មតាជាមួយនឹងកំណែចុងក្រោយដែលបានធ្វើបច្ចុប្បន្នភាពរួចរាល់ ប៉ុន្តែ Apple និងមិនគាំទ្របន្តនោះទេ ពោលគឹត្រូវបានលុបចេញពីបញ្ជីថែទាំរបស់ Apple។ ដោយឡែកចំពោះ iPhone នៅមិនទាន់បង្ហាញនៅឡើយនោះទេ ថាតើមានម៉ូដែលណាខ្លះដែលត្រូវបានបញ្ឈប់ការគាំទ្រ ខណៈអ្វីដែលគេកត់សម្គាល់សម្រាប់មុខងារ Apple Intelligence ថ្មីនឹងមកដល់នឹងមានសម្រាប់តែ iPhone 15 Pro/ Pro Max ក៏ដូចជា iPad និង Macs ដែលមានបន្ទះឈីប M1 (ឬក្រោយ) តែប៉ុណ្ណោះ ដោយឡែកចំពោះម៉ូដែលផ្សេងទៀតនឹងមិនត្រូវបានអញ្ជើញនោះទេ៕