(ភ្នំពេញ)៖ ធនាគារ ខេប៊ីគូកមីន (ប្រធាននាយកប្រតិបត្តិ លោក Lee Jae Keun) បានប្រកាសនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នេះ ថា ធនាគារបានរៀបចំពិធីប្រគល់កញ្ចប់ជំនួយ ដល់កុមារដែលមានជំងឺបេះដូងនៅកម្ពុជា។

ធនាគារ ខេប៊ីគូកមីន ដែលជាក្រុមហ៊ុនមេរបស់ធនាគារ ខេប៊ីប្រាសាក់ បានឧបត្ថម្ភគាំទ្រការវះកាត់បេះដូងដល់កុមារដែលមានជំងឺបេះដូងនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១៤មកម្ល៉េះ ដោយចាប់ផ្តើមពីការបង្កើតមជ្ឈមណ្ឌលបេះដូង នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន ក្នុងប្រទេសកម្ពុជា។ រហូតមកដល់ពេលនេះ កុមារជាង ២៥០នាក់បានទទួលការវះកាត់បេះដូង ហើយសុបិននិងក្តីសង្ឃឹមរបស់ពួកគេបានក្លាយជាការពិត។ ឆ្នាំនេះធនាគារបានជួយកញ្ចប់ជំនួយដល់កុមារ ២៥នាក់ដែលមានជំងឺបេះដូង។

ពិធីប្រគល់អាហារូបករណ៍នេះ មានការអញ្ជើញចូលរួមពីលោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់, លោក Kim Hyeun Jong អនុប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ នាយកប្រចាំប្រទេស Hebron Medical Country (HMC), លោក KIM Woo Jung នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន, លោក BAE Kian នាយកមន្ទីរពេទ្យនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន និងលោក KIM Yong KI នាយកមន្ទីរពេទ្យផ្នែកវះកាត់នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន ដើម្បីអញ្ជើញផ្តល់កញ្ចប់ជំនួយដល់កុមារដែលមានជំងឺបេះដូង និងលើកទឹកចិត្តពួកគេឱ្យមានភាពលូតលាស់ និងអនាគតភ្លឺស្វាង។

ចាប់តាំងពីឆ្នាំ ២០១២មក KB បានធ្វើគម្រោងរួមចំណែកជួយដល់សង្គម ដោយបានអញ្ជើញកុមារកម្ពុជាដែលមានជំងឺបេះដូងទៅប្រទេសកូរ៉េ ដើម្បីទទួលការវះកាត់ដោយឥតគិតថ្លៃ។ រហូតមកដល់ពេលនេះ កុមារជាង ១០០នាក់ដែលមានជំងឺបេះដូង បានទទួលការវះកាត់នៅប្រទេសកូរ៉េ ហើយបានត្រឡប់មកផ្ទះវិញដោយមានសុខភាពល្អ។

ថ្នាក់គ្រប់គ្រងរបស់ធនាគារ KB បានមានប្រសាសន៍ថា «យើងផ្តល់កញ្ចប់ជំនួយដើម្បីឱ្យកុមារដែលមានជំងឺបេះដូង អាចទទួលបានជីវិតថ្មីតាមរយៈការវះកាត់ និងសម្រេចសុបិនរបស់ពួកគេ។ យើងនឹងបន្តគាំទ្រផ្នែកសប្បុរសធម៌ ដល់កុមារដែលជាអ្នកដឹកនាំនាពេលអនាគត ដើម្បីឱ្យពួកគេអាចធំធាត់ និងមានសុខភាពល្អ។ លើសពីនេះ ធនាគារ KB ក៏បានជួយដល់ការវះកាត់ និងព្យាបាលកុមារដែលមានបញ្ហាទម្រង់ផ្ទៃមុខនៅប្រទេសកូរ៉េ ដោយផ្តល់ក្តីសង្ឃឹមថ្មីដល់ពួកគេផងដែរ»

សូមបញ្ជាក់ថា ប្រជាជនកម្ពុជាអាចទៅទទួលយកសេវា នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន ដែលមានទីតាំងស្ថិតនៅអគារលេខ ១០២ផ្លូវ ៦៨K ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕