(ភ្នំពេញ)៖ ពិភពលោកកំពុងតែដើរទៅមុខយ៉ាងលឿនជាមួយរបកគំហើញ និងគំនិតថ្មីៗនៃបច្ចេកវិទ្យាចុងក្រោយឥតឈប់ឈរ ប៉ុន្តែបដិវត្តបច្ចេកវិទ្យា គ្រឿងចក្រ ចំណេះដឹង ជំនាញថ្មីៗពាក់ព័ន្ធនឹងឧស្សាហកម្មនៃការផលិតភេសជ្ជៈចុងក្រោយបង្អស់ទាំងនោះ មិនមែនជាគម្លាតឆ្ងាយឡើយសម្រាប់បុគ្គលិកជំនាញដែលកំពុងបំពេញការងារនៅក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស របស់អ្នកឧកញ៉ា លាង ម៉េង។

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ខ្មែរ ប៊ែវើរីជីស ក៏ជាសហគ្រិនខ្មែរមួយរូបដែលផ្ដោតខ្លាំងបំផុតផងដែរ ទៅលើការបណ្ដុះបណ្ដាលដល់ធនធានយុវជនកម្ពុជាឱ្យកាន់តែមានចំណេះជំនាញថ្មីៗ សមស្របនឹងភាពរីកចម្រើនរបស់ពិភពលោក។ អ្នកឧកញ៉ាតែងតែយកចិត្តទុកដាក់ដឹកនាំ និងបញ្ជូនបុគ្គលិកជំនាញផ្នែកបច្ចេកទេសពីប្រទេសកម្ពុជាទៅចូលរួមព្រឹត្តិការណ៍ ឬកម្មវិធីធំៗនៅទូទាំងពិភពលោក ដែលភាគច្រើនពាក់ព័ន្ធជាមួយនឹងការអភិវឌ្ឍបច្ចេកវិទ្យាទំនើបចុងក្រោយ។

នាពេលថ្មីៗនេះដែរ អ្នកឧកញ៉ា លាង ម៉េង បានបន្តដឹកនាំបុគ្គលិកជំនាញនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចូលរួមពិព័រណ៍ ProPak Asia ដែលជាកម្មវិធីពិព័រណ៍អន្តរជាតិលើកទី៣១ ស្ដីពីដំណើរការផលិត និងស្តង់ដារនៃការវេចខ្ចប់ផលិតផលប្រចាំទ្វីបអាស៊ី (The 31st International Processing and Packaging Exhibition for Asia) រៀបចំឡើងចាប់ពីថ្ងៃទី១២ដល់ទី១៥ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ។

ProPak Asia គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មអន្តរជាតិលំដាប់លេខមួយរបស់អាស៊ីសម្រាប់បច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់។ ProPak Asia ក៏ជាព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំតំបន់អាស៊ី ដែលមានការចូលរួមចែករំលែក ផ្លាស់ប្ដូរបទពិសោធន៍ដោយផ្ទាល់ពីប្រធានក្រុមហ៊ុន ម្ចាស់រោងចក្រ សហគ្រាស ដែលកំពុងប្រតិបត្តិការធុរកិច្ចមុខជំនួញធំៗ ជាពិសេសចែករំលែកបទពិសោធន៍ពីអ្នកជំនាញអន្តរជាតិ ដោយផ្ដោតសំខាន់លើគុណភាព និងភាពខុសគ្នានៃការផលិតផល ការវេចខ្ចប់ និងស្តង់ដារផលិតកម្ម ដែលចាំបាច់ត្រូវតែជំរុញឱ្យកាន់តែមានស្តង់ដារប្រកួតប្រជែងខ្ពស់ ដោយស្វ័យប្រវត្តិកម្មថ្មីៗ និងភាពជឿនលឿននៃបច្ចេកវិទ្យារបស់ពិភពលោកនាពេលបច្ចុប្បន្ន។

អ្នកឧកញ៉ា លាង ម៉េង ក៏បានបែងចែកបុគ្គលិកជំនាញបច្ចេកទេសមួយក្រុមទៀតឱ្យចូលរួមសិក្ខាសាលាឧស្សាហកម្មផលិតស្រាបៀរ និងភេសជ្ជៈនៅអាស៊ីអាគ្នេយ៍ ដែលរៀបចំរួមគ្នាដោយ VLB Berlin និង Thailand Beer Industry Guild (TBIG) ដែលប្រជុំដោយក្រុមអ្នកជំនាញនៃសមាគមអ្នកផលិតភេសជ្ជៈមកពីទូទាំងពិភពលោក មានប្រភពមកពីទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃទី៩ដល់ទី១១ ខែមិថុនា ដើម្បីចែករំលែកចំណេះដឹងពីច្ចេកវិទ្យាថ្មីៗចុងក្រោយ ដែលទើបតែស្រាវជាវឃើញដោយអ្នកជំនាញលើពិភពលោក។

គួររំឭកថា ដើម្បីបន្តអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា និងធ្វើយ៉ាងណាឱ្យក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បន្តចាក់គ្រឹះកាន់តែរឹងមាំ មានកេរ្តិ៍ឈ្មោះរាប់រយឆ្នាំ ផ្ដល់ឱកាសការងារដល់យុវជនខ្មែរជំនាន់ក្រោយឱ្យមានសមត្ថភាពពេញលេញក្នុងការប្រកួតប្រជែងជាមួយបណ្ដាក្រុមហ៊ុនលំដាប់ពិភពលោកបាន ជារៀងរាល់ឆ្នាំ អ្នកឧកញ៉ា លាង ម៉េង តែងបញ្ជូនបុគ្គលិករបស់ខ្លួនចូលរួមកម្មវិធីសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលអន្តរជាតិនៅបរទេសជាបន្តបន្ទាប់ ដូចជានៅតាមបណ្ដាប្រទេសជឿនលឿនក្នុងតំបន់អាស៊ាន ប្រទេសអាល្លឺម៉ង់ ប្រទេសស្វីស និងបណ្ដាប្រទេសជាច្រើនទៀតនៅទ្វីបអឺរ៉ុបជាដើម៕