(ដតម៉ាន)៖ ក្លិបអាល្លឺម៉ង់ Borussia Dortmund បានចែកផ្លូវគ្នាជាមួយអ្នកចាត់ការ Edin Terzic បន្ទាប់ពីលោកបានស្នើសុំក្លិប ក្នុងការបញ្ចប់កិច្ចសន្យារបស់លោករួចមក។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។

Dortmund បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ក្នុងរដូវកាលឆ្នាំ២០២៣-២០២៤ ស្ថិតក្រោមការដឹកនាំរបស់លោក Terzic ប៉ុន្តែពួកគេបានចាញ់គូប្រជែង Real Madrid នៅកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស។

ក្លិបលេងនៅ Bundesliga របស់អាល្លឺម៉ង់មួយនេះបានឱ្យដឹងថា ពួកគេបានយល់ព្រមចំពោះសំណើរបស់លោក Terzic បន្ទាប់ពីមានការពិភាក្សារួមគ្នា។

Terzic វ័យ ៤១ឆ្នាំ បានលើកឡើងថា «បន្ទាប់ពីការប្រកួតនៅ Wembley ខ្ញុំបានស្នើសុំឱ្យមានកិច្ចប្រជុំមួយជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្លិប ដោយសារតែ ៩ឆ្នាំហើយ ដែលបានធ្វើការនៅក្លិប BVB ក្នុងនោះ ៦ឆ្នាំ ក្នុងនាមជាបុគ្គលិកគ្រូបង្វឹក និង ២ឆ្នាំកន្លះ ក្នុងតួនាទីជាគ្រូបង្គោល។ ខ្ញុំមានអារម្មណ៍ថា សម័យកាលថ្មីរបស់ក្លិប គួរតែចាប់ផ្តើមជាមួយនឹងអ្នកចាត់ការថ្មី»

គួរជម្រាបថា Dortmund បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ ក្នុងលីគ Bundesliga កាលពីរដូវកាលមុន ដែលអាចប្រកួត Champions League បាននៅរដូវកាលក្រោយផងដែរ៕