(មីឡាន)៖ ក្លិបអ៊ីតាលី AC Milan បានតែងតាំងលោក Paulo Fonseca ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។

បុរសវ័យ ៥១ឆ្នាំ សញ្ជាតិព័រទុយហ្គាល់ ដែលធ្លាប់ដឹកនាំក្លិបបារាំង Lille ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ នោះបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងរយៈពេល ៣ឆ្នាំ ពោលគឺមានសុពលភាពរហូតដល់ឆ្នាំ២០២៧។

លោកបានជំនួសតំណែងលោក Stefano Pioli ដែលបានចាកចេញពីក្លិប AC Milan ដោយមានការព្រមព្រៀងគ្នាទៅវិញទៅមក បន្ទាប់ពីក្លិបបញ្ចប់នៅចំណាត់ថ្នាក់ទី៤ ក្នុងលីគកំពូល Serie A រដូវកាលនេះ។

លោក Fonseca បានចាកចេញពីក្លិប Lille ដោយការព្រមព្រៀងគ្នាទៅវិញទៅមក បន្ទាប់ពីក្លិបរបស់លោកបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤ ក្នុងតារាងលីគកំពូលបារាំង Ligue 1។

លោក Fonseca ពីមុនក៏ធ្លាប់បានដឹកនាំក្លិប Roma, Shakhtar Donetsk និងក្លិប Porto ផងដែរ៕