(ឡុងដ៍)៖ ក្លិបញញួរធំ West Ham United បានចុះកិច្ចសន្យានាំយកខ្សែបម្រើសញ្ជាតិប្រេស៊ីល វ័យ ១៨ឆ្នាំ Luis Guilherme មកពីក្លិប Palmeiras លើកិច្ចសន្យា ៥ឆ្នាំ។ នេះបើតាមការប្រកាសពីក្លិបលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។

ក្លិបមិនបានបង្ហាញព័ត៌មានលម្អិតស្តីពីតម្លៃផ្ទេរនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា Guilherme បានចុះកិច្ចសន្យា ក្នុងតម្លៃខ្លួនប្រមាណ ២៥លានអឺរ៉ូ (២៧លានដុល្លារ) បូកនឹងប្រាក់បន្ថែម។ លោកនឹងសម្រេចការផ្ទេររបស់លោកនៅថ្ងៃសុក្រ នៅពេលដែលរដូវកាលផ្ទេរកីឡាករបើក។

Guilherme ក្លាយជាកីឡាករដំបូងដែលបានចុះកិច្ចសន្យា ស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការអេស្ប៉ាញ Julen Lopetegui ដែលបានជំនួសតំណែងលោក David Moyes កាលពីខែឧសភា។

​សូមជម្រាបថា Guilherme ដែលបានលេងក្នុងក្រុម U-17 និង U-20 របស់ប្រេស៊ីលនោះ បានជួយក្លិប Palmeiras ឈ្នះពានរង្វាន់លីគកំពូលប្រេស៊ីល Serie A កាលពីឆ្នាំមុន៕