(ម៉ូនិច)៖ ក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ តែងតែធ្វើបានល្អជានិច្ចក្នុងជំនួប ៣លើកចុងក្រោយទល់នឹងស្កុតឡេន មុនប៉ះគ្នាជាថ្មីទៀតនៅថ្ងៃបើកឆាកពានរង្វាន់អឺរ៉ុប European Championship 2024 នាម៉ោង ២៖០០នាទីរំលងអាធ្រាត្រនេះ (ម៉ោងនៅកម្ពុជា)។

អាល្លឺម៉ង់បានយកឈ្នះស្កុតឡេន ដោយលទ្ធផល ២-១ ចំនួន ២លើក និងឈ្នះ ៣-២ ពីប្រវត្តិជួបគ្នា ៣លើកចុងក្រោយសុទ្ធសឹងតែក្នុងពានអឺរ៉ុបដូចគ្នាផងដែរ ក្នុងចំណោមប្រវត្តិជួបគ្នាសរុប ១៧លើក ដោយអាល្លឺម៉ង់ឈ្នះ ៨លើក ស្មើ ៥លើក និងចាញ់ស្កុតឡេនតែ ៤លើកប៉ុណ្ណោះ។ អាជ្ញាកណ្តាលបារាំង លោក Clement Turpin ជាអ្នកដឹកនាំការប្រកួតបើកឆាក Euro លើកទី១៧ នេះ។

គួរបញ្ជាក់ផងថា ការប្រកួតនេះដែរនឹងធ្វើឡើងក្នុងកីឡដ្ឋាន Alianz Arena ដែលជាទឹកដីរបស់ក្លិបបាល់ទាត់អាជីព Bayern Munich ស្ថិតក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់។

អាល្លឺម៉ង់ ជាក្រុមមួយដែលជោគជ័យបំផុតនៅពានអឺរ៉ុប Euro ជាងគេ តាមរយៈឈ្នះបាន ៣លើកច្រើនជាងគេ ស្មើនឹងអេស្ប៉ាញដែរ និងធ្លាប់រងជើងឯកបាន ៣លើកដូចគ្នា។

រាប់ទាំង Euro 2024 ក្នុងទឹកដីរបស់ខ្លួននេះ អាល្លឺម៉ង់បានបង្ហាញខ្លួននៅជុំចុងក្រោយពានអឺរ៉ុប ៤ឆ្នាំម្តងនេះបាន ១៤លើកហើយ គិតចាប់តាំងពីចូលរួមលើកដំបូងក្នុងឆ្នាំ១៩៧២ មក គ្រាដែលគូប្រជែងស្កុតឡេនវិញ បានបង្ហាញខ្លួនក្នុងជុំចុងក្រោយលើកទី៤ ក្រោយពេលលេង ៩ប្រកួតក្នុងពាននេះ ៣សម័យកាលកន្លងមក ឈ្នះតែ ២លើកប៉ុណ្ណោះ ស្មើ២ និងចាញ់ ៥ដងឯណោះ៕