(បរទេស)៖ ម្ចាស់ភាគហ៊ុនធំៗរបស់ ក្រុមហ៊ុន Tesla បានបោះឆ្នោត ឯកភាពក្នុងការផ្ដល់កញ្ចក់ទឹកប្រាក់ប្រចាំឆ្នាំចំនួន ៥៦ពាន់លានដុល្លារដល់លោក Elon Musk ក្នុងនាមជានាយកប្រតិបត្តិ (CEO) ដែលជួយឲ្យក្រុមហ៊ុនមានការរីកចម្រើនខ្ពស់។

តាមពិតទៅកញ្ចប់ទឹកប្រាក់នេះ វាជាលុយរង្វាន់ដែល Tesla ត្រូវប្រគល់ឲ្យលោក Elon Musk កាលពីឆ្នាំ២០១៨ ទៅលើការបំពេញការងារបានល្អរបស់គាត់ ដោយក្នុងនោះ វាមិនមែនមានលុយសុទ្ធទេ គឺមានជាចំណែកហ៊ុនរបស់ Tesla ផងដែរ។

ការបោះឆ្នោតកាលពីថ្មីៗនេះ ត្រូវបានធ្វើឡើងដោយមានការចូលរួមពីសំណាក់ម្ចាស់ភាគហ៊ុនធំៗ ហើយជាលទ្ធផលគឺសម្រេចផ្ដល់កញ្ចប់លុយនេះជូនលោក Elon Musk ប៉ុន្តែតុលាការបានស្នើសុំឲ្យក្រុមហ៊ុន Tesla បង្ហាញលទ្ធផលនៃការបោះឆ្នោត ដើម្បីស៊ើបអង្កេតឲ្យបានច្បាស់ថា ការឯកភាពនោះ មិនស្ថិតក្រោមសម្ពាធពីលោក Elon Musk។

ក្រោយពេលលោក Elon Musk បានទិញយកបណ្តាញសង្គម Twitter ដែលបច្ចុប្បន្នប្ដូរមក X. គឺបានធ្វើឱ្យម្ចាស់ភាគហ៊ុនមួយចំនួនមានការមិនសប្បាយចិត្ត ដោយសារខ្លាចលោក Elon Musk ងាកទៅផ្ដោតសំខាន់លើ X និងទុក Tesla ចោល ប៉ុន្តែលោក Elon Musk មិនបានធ្វើដូច្នេះឡើយគឺលោកនៅតែពង្រឹងការងារនៅ Tesla ដដែលទើបបានជា ម្ចាស់ភាគហ៊ុនយល់ព្រមផ្តល់កញ្ចប់លុយនេះជូនលោក Elon Musk។

 បើទោះបីជាយ៉ាងនេះក្តី ក៏តុលាការក្នុងតំបន់នៅតែមិនទាន់អនុញ្ញាតឲ្យមានការឯកភាពទាំងស្រុងទៅលើកញ្ចប់លុយនេះ នោះទេ ពោលគឺត្រូវបើកការស៊ើបអង្កេតរួចរាល់ជាមុនសិន៕