(បរទេស)៖ តាមរាបាយការណ៍ចេញផ្សាយពីគេហទំព័រ The Elec បានឲ្យដឹងថា ក្រុមហ៊ុន LG Display ទើបតែទទួលបានការយប់ព្រម ឲ្យធ្វើជាអ្នកផ្គង់ផ្គង់អេក្រង់ប្រភេទ OLED សម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ Apple គឺត្រកូល iPhone 16 Pro Max ដែលត្រៀមបញ្ចេញនាពេលឆាប់ៗខាងមុខ។

តាមពិតទៅ អ្នកផ្គត់ផ្គង់អេក្រង់សម្រាប់ទូរស័ព្ទ iPhone 16 គឺមានពីរ រួមមាន LG Dislay និង Samsung Display។ ក្រុមហ៊ុនទាំងពីរនេះ គឺទទួលបាននូវការយល់ព្រមពីក្រុមហ៊ុន Apple ក្នុងការផ្គត់ផ្គង់អេក្រង់ OLED សម្រាប់ស្មាតហ្វូន iPhone 16 Pro Series ដូចគ្នា។ តែបើមើលទៅលើចំនួននៃការផលិតទៅលើអេក្រង់ OLED របស់ក្រុមហ៊ុន LG Display គឺនៅមានចំនួនតិចជាងក្រុមហ៊ុន Samsung Display នៅឡើយទេ។

តែយ៉ាងណា ក្រុមហ៊ុនទាំងពីរនេះ ត្រូវបានគេមើលឃើញថា ជាផ្នែកមួយដ៏សំខាន់នៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple ជាយូរមកហើយ បន្ទាប់ពីក្រុមហ៊ុនអាមេរិកាំងមួយនេះ បានធ្វើការផ្លាស់ប្តូរទៅប្រើប្រាស់នូវ OLED Panels សម្រាប់ស្មាតហ្វូន iPhone របស់ខ្លួន។ ទន្ទឹមគ្នានេះ សម្រាប់វត្តមាន iPhone 16 Series ដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងពេលប៉ុន្មានសប្តាហ៍ទៀតខាងមុខនេះ គឺមានការអនុម័តពីអ្នកផ្គត់ផ្គង់ជាច្រើនទៅលើស្មាតហ្វូននេះចាប់ពីពេលនេះហើយ។

ទោះបីជាក្រុមហ៊ុន LG Display អាចយកឈ្នះ Samsung លើការផ្គត់ផ្គង់អេក្រង់ OLED សម្រាប់ iPhone 16 Pro Max ក៏ពិតមែន ប៉ុន្តែ Samsung Display នៅតែជាដៃគូផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ Apple ដដែល ត្បិត Samsung Display តែងតែទទួលបាននូវការអនុម័តមុនគេ ប្រៀបធៀបជាមួយនិងក្រុមហ៊ុនជាច្រើនជាច្រើនទៀតទៅលើការផ្គត់ផ្គង់ដែលរួមមានក្រុមហ៊ុន LG Display និងក្រុមហ៊ុនមួយចំនួនទៀត៕