(បរទេស)៖ របាយការណ៍ថ្មីពី The Information បានបង្ហាញថា ប្រាក់ចំណូលប្រចាំឆ្នាំរបស់ OpenAI កំពុងមានសន្ទុះខ្លាំង និងបានកើនឡើងទ្វេដងក្នុងរយៈពេលប្រាំមួយខែកន្លងមកដោយឈានដល់ចំនួន ៣.៤ពាន់លានដុល្លារឯណោះ។ ប្រភពបានពន្យល់ថា តួរលេខនេះត្រូវបានគណនាដោយយកចំណូលនៃខែមុន (ខែឧសភា) គុណនឹង ១២។ នេះបើយោងតាមការចេញផ្សាយដោយ engadget។

នាយកប្រតិបត្តិ (CEO) លោក Sam Altman ត្រូវបានគេរាយការណ៍ថា បានចែករំលែកព្រឹត្តិការណ៍នៃប្រាក់ចំណូលនេះជាមួយនឹងបុគ្គលិក ដោយបង្ហាញពីការកើនឡើងពី ១.៦ពាន់លានដុល្លារកាលពីចុងឆ្នាំ២០២៣ ជាមួយនឹង ១ពាន់លានដុល្លារកាលពីឆ្នាំ២០២២។

ប្រភពពី The Information ដដែលបានលើកឡើងថា កំណើនដ៏ច្រើននេះត្រូវបានសន្មតថាជាភាពជោគជ័យនៃកំណែជាវ ChatGPT របស់ខ្លួនដែលមានតម្លៃប្រមាណ ២០ដុល្លារក្នុងមួយខែ និងភាពជាដៃគូជាមួយអ្នកអភិវឌ្ឍន៍ដែលបានចំណាយក្នុងការរួមបញ្ចូលគំរូភាសាធំៗរបស់ OpenAI ទៅក្នុងកម្មវិធី និងសេវាកម្មរបស់ពួកគេ។ ជាងនេះទៅទៀតប្រាក់ចំណូលប្រមាណ ២០០លានដុល្លារជារៀងរាល់ឆ្នាំរបស់ OpenAI គឺបានមកពីភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Microsoft តាមរយៈការលក់គំរូភាសាដ៏ធំរបស់ខ្លួនដែលប្រើប្រាស់ដោយអតិថិជន Azure។

យ៉ាងណាមិញជុំវិញព័ត៌មានលម្អិតអំពីរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមហ៊ុន OpenAI នៅមិនទាន់មានការឆ្លើយតបនៅឡើយនោះទេ ប៉ុន្តែបើតាមការលើកឡើងរបសស់អ្នកនាំពាក្យក្រុមហ៊ុននេះ ហាក់នៅមិនទាន់ «ត្រឹមត្រូវ» ទាំងស្រុងនោះទេ។

គួរជម្រាបថា ប្រាក់ចំណូលរបស់ OpenAI នៅតែត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត តាមរយៈព័ត៌មានពាក់ព័ន្ធ ថ្មីៗនេះ Apple បានប្រកាសពីការសហការជាមួយ OpenAI ដើម្បីរួមបញ្ចូល ChatGPT ទៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនសម្រាប់ iPhones, iPads និង Macs ជាដើម៕