(ភ្នំពេញ)៖ ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំការប្រកួតកីឡាតេក្វាន់ដូពានរង្វាន់ឯកអគ្គរដ្ឋទូតឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលតេក្វាន់ដូ ប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

ការប្រកួតកីឡាតេក្វាន់ដូ នេះ បានធ្វើឡើងនាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ក្រោមវត្តមានលោក PARK Jung-Wook ជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ការប្រកួតនេះធ្វើឡើងក្នុង ៦វិញ្ញាសាមេគុន (Poomsae) និង ២១ វិញ្ញាសាប្រយុទ្ធ(Kyorugi) មានអត្តពលិកសរុបចំនួន ២៩៦បានចូលរួម។

ថ្លែងនាឱកាសនោះ លោកឯកអគ្គរដ្ឋទូត PARK Jung-Wook បានឱ្យដឹងថា ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធឡើង ដោយដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់សម្តេចមហារបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់សាធារណរដ្ឋកូរ៉េ កាលពីខែឧសភាកន្លងទៅទទួលបានជោគជ័យ ហើយប្រទេសទាំងពីរត្រូវបានដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និត ជាពិសេសតេក្វាន់ដូ គឺជាព្រឹត្តិការណ៍កីឡាដ៏ពេញនិយមមួយ ដែលតភ្ជាប់ប្រទេសទាំងពីរ ហើយសាធារណរដ្ឋកូរ៉េនឹងបន្តគាំទ្រដល់ការពង្រីកមូលដ្ឋានកីឡាតេក្វាន់ដូនៅកម្ពុជា។

លោកឯកអគ្គរដ្ឋទូត PARK បានសង្ឃឹមថា កីឡាករ-កីឡាការិនីដែលបានចូលរួមការប្រកួតនឹងខិតខំប្រឹងប្រែងហ្វឹកហាត់កីឡាតេក្វាន់ដូ និងរីកចម្រើនក្លាយជាអត្តពលិកតំណាងឱ្យប្រទេសកម្ពុជានាពេលអនាគត។

សូមបញ្ជាក់ថា កីឡាករ-កីឡាការិនីជ័យលាភីទាំង ១០៨ នាក់ក្នុងការប្រកួតលើកនេះ ទទួលបានមេដាយ ប័ណ្ណសរសើរ ហើយជ័យលាភីដែលបានពិន្ទុល្អ ទទួលបានមេដាយ ប័ណ្ណសរសើរ រួមជាមួយរង្វាន់ Galaxy ស្មាតហ្វូន និង Galaxy Fits ដែលឧបត្ថម្ភដោយ Samsung Electronics៕