(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple និង Google បានរងការផាកពិន័យនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយគណៈកម្មការទំនាក់ទំនងកូរ៉េ (KCC) បានបញ្ជាឱ្យ Apple បង់ប្រាក់ពិន័យប្រមាណ ២១០លានវ៉ុន (ប្រហែល ១៥៣,០០០ដុល្លារ) ខណៈ Google ត្រូវរងពិន័យតិចជាងប្រមាណ ៣លានវ៉ុន ឬប្រហែល ២,១៧៩ដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយ Apple Insider។

ជុំវិញការផាកពិន័យនេះ បើយោងតាមរបាយការណ៍ចេញផ្សាយបានបង្ហាញថា ទាំង Apple និង Google បានរំលោភលើប្រការមួយទាក់ទងនឹងការលាតត្រដាងគោលការណ៍ស្តីពីទិន្នន័យទីតាំង និងទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់នៅកូរ៉េខាងត្បូង។ ក្រុមហ៊ុនទាំងពីរនេះ បានប្រមូលទិន្នន័យទាំងនោះដោយគ្នានការយល់ព្រមពីអ្នកប្រើប្រាស់នោះឡើយ។

យ៉ាងណាមិញជុំវិញហេតុផលជាក់លាក់ដែល Apple ត្រូវពិន័យលើសពី Google បើទោះបីជាស្ថិតក្នុងលក្ខណ្ឌប្រមូលទិន្នន័យអ្នកប្រើប្រាស់ដូចគ្នាក៏ដោយនោះ នៅមិនទាន់មានព័ត៌មានផ្លូវការណាមួយអាចបញ្ជាក់បាននៅឡើយនោះទេ។ ជាទូទៅ Apple ត្រូវបានគេមើលឃើញថាជាក្រុមហ៊ុនដែលផ្តោតលើភាពឯកជន ខណៈដែល Google បានប្រឈមមុខនឹងការត្រួតពិនិត្យបន្ថែមទៀតលើបញ្ហាឯកជនភាពនេះនាពេលកន្លងមក។

ប្រធាន KCC លោក Kim Hong-il បានបញ្ជាក់ថា «ព័ត៌មានទីតាំងគឺជាធនធានដ៏សំខាន់ក្នុងការកែលម្អភាពងាយស្រួលរបស់អ្នកប្រើប្រាស់ និងជាមូលដ្ឋានគ្រឹះសម្រាប់ការរីកចម្រើននៃឧស្សាហកម្មច្នៃប្រឌិត ប៉ុន្តែភាពឯកជន និងសុវត្ថិភាពក៏ត្រូវតែគិតផងដែរ»

គួរជម្រាបថា Google និង Apple មិនមែនជាក្រុមហ៊ុនតែមួយគត់ដែលរងផលប៉ះពាល់ដោយការផាកពិន័យនោះទេ។ គណៈកម្មការនេះ បានដាក់ពិន័យលើក្រុមហ៊ុនប្រមាណ ១៨៨រួចមកហើយ រួមទាំងក្រុមហ៊ុន Google និង Apple ជុំវិញការបំពានច្បាប់ស្តីពីការការពារ និងការប្រើប្រាស់ព័ត៌មានទីតាំង នេះបើតាមការឱ្យដឹងពីកាសែត The Korea Times ៕