(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៤ មិថុនា ២០២៤ វីតាល់ បានចូលរួមជាឧបត្ថម្ភគាំទ្រ រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ «ខួប ២០ឆ្នាំ នៃការបរិច្ចាគឈាម សូមអរគុណ សប្បុរសជនបរិច្ចាគឈាម» ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមវត្តមាននៃការអញ្ជើញ ចូលរួមជាអធិបតីភាពពីសំណាក់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោកវេជ្ជបណ្ឌិត សុះ មុះសិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក ហេង វ៉ាន់សាក់ ប្រធានធុរកិច្ចក្រុមហ៊ុន វ័ន ហ្វេ្រតធើនីធី (វីតាល់), លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម មន្ត្រីរាជការ ថ្នាក់ដឹកនាំ បុគ្គលិក តំណាងដៃគូ សិស្សានុសិស្ស និងសប្បុរសជនប្រមាណ ៥០០នាក់ និងទទួលបានអំណោយឈាមប្រមាណ៥០០ផ្លោក។

លោកសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងថា រាល់ការស្ម័គ្រចិត្តបរិច្ចាគឈាមរបស់សប្បុរសជន គឺប្រៀបបានដូចជាការផ្តល់ជីវិត និងក្តីសង្ឃឹមថ្មីទៅកាន់អ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់។ លោកបានអំពាវនាវ ឱ្យសប្បុរសជន ទាំងអស់បន្តស្ម័គ្រចិត្តបរិច្ចាគឈាម និងចូលរួមផ្សព្វផ្សាយពីសារសំខាន់ពនៃការចូលរួមបរិច្ចាគឈាម ដោយស្ម័គ្រចិត្តតាមដែលអាចធ្វើបានទាំងវិស័យរដ្ឋ និងឯកជន។

ឆ្លៀតក្នុងឱកាសនេះ លោកសាស្ត្រាចារ្យបានកោតសរសើរ និងវាយតម្លៃខ្ពស់ទៅដល់ក្រុមហ៊ុន វីតាល់ ដែលតែងតែងចូលរួមឧបត្ថម្ភគាំទ្រ និងផ្សព្វផ្សាយនូវរាល់សកម្មភាពបរិច្ចាគឈាមនាពេលកន្លងមក។

ទិវាពិភពលោក នៃអ្នកបរិច្ចាគឈាមត្រូវបានប្រារព្ធឡើងជារៀងរាល់ថ្ងៃទី១៤ មិថុនានេះ ក្រុមហ៊ុន វីតាល់ បានចូលរួមឧបត្ថម្ភធំដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមដើម្បីជំរុញឱ្យមានការកើនឡើងនូវចលនាបរិច្ចាគឈាម ដើម្បីបំពេញសន្និធិឈាម ពោលគឺបំផុសបង្កើតពឱ្យមានទំនួលខុសត្រូវសង្គម និងបង្កើតទម្លាប់នៃវប្បធម៌ ចែករំលែកពីយុវជនជំនាន់ក្រោយៗ។

លោក ហេង វ៉ាន់សាក់ ក្នុងនាមជាដៃគូឧបត្ថម្ភធំ បានឱ្យដឹងថា ចក្ខុវិស័យរបស់វីតាល់មិនត្រឹមតែជាក្រុមហ៊ុនផលិតទឹកពិសាគុណភាពខ្ពស់ កម្រិតស្តង់ដារអន្តរជាតិតែប៉ុណ្ណោះទេ វីតាល់តែងបណ្តុះស្មារតីចែករំលែក និងផ្ដល់ត្រឡប់ទៅវិញ តាមរយៈការចូលរួមសកម្មភាពសង្គមនានា ចាប់តាំងពីពាណិជ្ជសញ្ញានេះកកើតមកម៉្លេះ តួយ៉ាងដូចជាការចូលរួមឧបត្ថម្ភគាំទ្រកម្មវិធីប្រមូលអំណោយឈាម នាថ្ងៃនេះជាដើម។

គួរបញ្ជាក់ថា វីតាល់ជាក្រុមហ៊ុនឯកជនគម្រូ និងឈានមុខគេមួយក្នុងស្រុក ដែលតែងតែចូលរួមគាំទ្រឧបត្ថម្ភនូវរាល់សកម្មភាពសង្គម ជាពិសេសគឺឧបត្ថម្ភយ៉ាងសកម្មលើការប្រមូលអំណោយឈាមពីសប្បុរសជន ដែលបានចាប់ដៃសហប្រតិបត្តិការជាង១០ឆ្នាំកន្លងមកហើយ៕