(ភ្នំពេញ)៖ លោកស្រីឧកញ៉ា កែវ មុំ គឺជាអាជីវករដ៏ជោគជ័យម្នាក់ តែលោកស្រីបានឈប់រៀនត្រឹមថ្នាក់ទី៩ ប៉ុណ្ណោះ ដើម្បីធ្វើអាជីវកម្ម។ ការបង្ខំចិត្តឈប់រៀន ក៏ព្រោះតែកាលនោះឪពុកម្តាយរបស់លោកស្រី មានសុខភាពមិនសូវល្អ។ បើទោះបីជា រៀនបានត្រឹមថ្នាក់ទី៩ ក៏លោកស្រីឧកញ៉ា កែវ មុំ អាចដឹកនាំក្រុមហ៊ុនមួយយ៉ាងរីកចម្រើន និងបាននាំផលិតផលរបស់ខ្លួន ទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

ឥលូវនេះ ឧកញ៉ា កែវ មុំ ជោគជ័យទាំងការធ្វើអាជីវកម្ម និងជោគជ័យទាំងការសិក្សា ពោលគឺឥលូវនេះ លោកស្រីបានខិតខំរហូតបានសញ្ញាបត្រ «ភាពជាអ្នកដឹកនាំអន្តរជាតិ» ផ្នែកសហគ្រិនកម្រិតថ្នាក់បណ្ឌិតទៀតផង ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ កម្មវិធីប្រគល់សញ្ញាបត្រ បានធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

ក្នុងពិធីទទួលសញ្ញាបត្រ លោកស្រីឧកញ៉ា កែវ មុំ បានបញ្ជាក់ថា «រៀនហើយរៀនទៀត រៀនគ្មានថ្ងៃបញ្ចប់! ខ្ញុំសូមថ្លែងអំណរគុណដល់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានប្រគល់សញ្ញាបត្រ "ភាពជាអ្នកដឹកនាំអន្តរជាតិផ្នែកសហគ្រិន" ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រ ដល់នាងខ្ញុំ»។

លោកស្រីឧកញ៉ា កែវ មុំ គឺជាអភិបាល នៃក្រុមហ៊ុន លីលី ហ្វ៊ូដ អ៉ិនដាសទ្រី ខូលអិលធីឌី និងជាប្រធានក្រុមប្រឹក្សាភិបាល សភាមុខរបរ និងមីក្រូសហគ្រាស បានសិក្សាក្នុងកម្មវិធីសិក្សាថ្នាក់សញ្ញាបត្រ «អ្នកដឹកនាំប្រតិបត្តិអន្តរជាតិ (International Executive Leadership Fellow)» សម្រាប់ម្ចាស់អាជីវកម្ម សហគ្រិន ឬនាយកប្រតិបត្តិ ដែលមានបទពិសោធន៍ក្នុងការដឹកនាំក្រុមហ៊ុនរីកចម្រើន ៧ ឆ្នាំឡើងទៅ។ សញ្ញាបត្រនេះមានតម្លៃស្មើសញ្ញាបត្របណ្ឌិត​ (Doctor)។

ដើម្បីទទួលបានសញ្ញាបត្រ «ភាពជាអ្នកដឹកនាំអន្តរជាតិ ផ្នែកសហគ្រិន (International Executive Leadership Fellow, Majoring in Entrepreneurship)» អ្នកត្រូវរៀនឱ្យបានយ៉ាងហោចណាស់ ៤៨ក្រេឌីត បូកនឹងក្រេឌីតដែលទទួលបាន ក្នុងរយៈពេល ១៨ខែ។

បើតាមលោកបណ្ឌិត កុល ផេង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានឱ្យដឹងថា កម្មវិធីចែកសញ្ញាបត្រលើកទី១១ មានជយលាភី ១០០៣នាក់ ក្នុងនោះស្ត្រី ៦៦២នាក់ និងព្រះសង្ឃ ១៩អង្គ។

ចំណែកឯលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានអបអរសាទរចំពោះជយលាភីទាំងអស់ និងបានសម្តែងភាពរីករាយ នៅពេលលោកជំទាវឃើញថា ចំនួនស្ត្រីទទួលសញ្ញាបត្រច្រើនជាងបុរសបែបនេះ៕