(ប៊ែកឡាំង)៖ ការប្រកួតបាល់ទាត់ពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប Euro 2024 នៅប្រទេសអាល្លឺម៉ង់បានបញ្ចប់ ៣គូទៀតនាយប់មិញនេះពីក្នុងពូល A និងពូល B។

ក្រុមជម្រើសជាតិស្វីស យកបាន ៣ពិន្ទុពីគូប្រជែងហុងគ្រីដោយលទ្ធផល ៣ទល់នឹង១ ដែលស្ថិតក្នុងពូល A ជាមួយគ្នា និងមាន ៣ពិន្ទុស្មើគ្នាជាមួយនឹងក្រុមម្ចាស់ផ្ទះឥន្រ្ទីដែកអាល្លឺម៉ង់ផងដែរ។

នៅរាត្រីថ្ងៃសៅរ៍ ទី១៥ ខែមិថុនានោះដែរ អេស្ប៉ាញ អតីតជើងឯក Euro ៣សម័យផងនោះ ក៏បានបំបាក់ក្រូអាត អតីតជើងឯករង Word Cup 2018 មិនឱ្យតដៃរួចក្នុងលទ្ធផល ៣-០ នៃការប្រកួតបើកឆាកប្រចាំពូល B នៅ Euro ជំនាន់ទី១៧ នេះ មុនពេលអ៊ីតាលី ដែលជាក្រុមការពារតំណែងជើងឯកឆ្នាំ២០២០ ក៏បានយកឈ្នះអាល់បានី ២-១ ផងដែរនាម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃអាទិត្យ។

សូមបញ្ជាក់ផងថា Euro 2024 ដែលបានប្រារព្ធធ្វើឡើងជាលើកទី២ នៅប្រទេសអាល្លឺម៉ង់លើកនេះ គឺលេងបាន ៤ប្រកួតមកហើយ ក្នុងចំណោម ៥១ប្រកួតសរុប និងបិទបញ្ចប់ជុំទី១ នៃការប្រកួតសន្សំពិន្ទុប្រចាំពូល A និងពូល B ដោយសុទ្ធតែទទួលបានលទ្ធផលឈ្នះ-ចាញ់ដូចគ្នា គ្រាដែលម្ចាស់ផ្ទះអាល្លឺម៉ង់ធ្វើបានល្អជាងគេតាមរយៈបំបាក់ស្កុតឡេន ៥-១ នៅថ្ងៃបើកឆាក៕