(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានក្រាបបង្គំថ្វាយសារថ្លែងអំណរព្រះគុណ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ៣ពាន់ដុល្លារ ដល់គណៈកម្មការរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ លើកទី១២ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នេះ។

លោកទេសរដ្ឋមន្ដ្រី បានថ្វាយសារថ្លែងអំណរព្រះគុណដែលមានខ្លឹមសារថា «ទូលព្រះបង្គំ និងសហការី នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងគណៈកម្មការរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ មានសេចក្ដីរីករាយឥតឧបមាដោយបានទទួលនូវព្រះរាជទ្រព្យដ៏ថ្លៃថ្លាបំផុតចំនួន ៣,០០០ដុល្លារ អំពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភដល់គណៈកម្មការ សម្រាប់ដំណើរការរៀបចំកម្មវិធី និងប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌របស់ខ្លួន»

លោកបណ្ឌិត ថោង ខុន បានសម្ដែងនូវសេចក្ដីរីករាយឥតឧបមា ដែលព្រឹត្តិការណ៍នេះ ត្រូវបានគាំទ្រពីរាជរដ្ឋាភិបាល និងក្រសួងព្រះបរមរាជវាំង ដែលអនុញ្ញាតឲ្យរៀបចំជារៀងរាល់ឆ្នាំ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ អ្វីដែលពិសេស ជារៀងរាល់ឆ្នាំ គឺសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភដល់គណៈកម្មការរៀងរាល់ឆ្នាំផងដែរ។

លោកទេសរដ្ឋមន្ដ្រី ថោង ខុន សូមព្រះបរមរាជានុញ្ញាត បួងសួងគុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ព្រះបារមី ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះប្រោសព្រះរាជទាន ព្រះពរជ័យបវរមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជារាស្ត្រ ជាកូនចៅ ចៅទួត របស់ព្រះអង្គ នៅទូទាំងកម្ពុជា ជ្រកកោនតទៅ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា  ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ លើកទី១២ ដែលរៀបចំឡើង ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៨៨ ឆាយចូល ៨៩ព្រះវស្សា នៅមុខព្រះបរមរាជវាំង នៅថ្ងៃទី១៦ ខែមិថុនានេះ មានអត្តពលិកជាតិ-អន្ដរជាតិចូលរួមសរុបចំនួន ៤,១១០នាក់។ ចំពោះលទ្ធផលបច្ចេកទេសរួមមាន៖ វិញ្ញាសារត់ ២១គីឡូម៉ែត្របុរស លេខ១ កីឡាករ Saeki Makino មកពីជប៉ុន, លេខ២ កីឡាករកម្ពុជា វ៉ាន់ ភារ៉ា និងលេខ៣ កីឡាករកម្ពុជា Takizaki Kuniaki ខណៈផ្នែកនារី លេខ១ កីឡាការិនីកម្ពុជា អេង មួយងីម, លេខ២ កីឡាការិនី Ota Natsuko និងលេខ៣ កីឡាការិនី Tomoko Okuda មកពីជប៉ុនដូចគ្នា។

ចំណែកវិញ្ញាសារត់ ១០គីឡូម៉ែត្របុរស លេខ១ កីឡាករ Lai Terence, លេខ២ កីឡាករ អ៊ុក រូហ៊ីត និងលេខ៣ កីឡាករ ឆន សុផាន់ អត្តពលិកកម្ពុជាទាំង ៣រូប គ្រាដែលផ្នែកនារី លេខ១ កីឡាការិនី Rachel Murphy មកពីអៀរឡង់, លេខ២ កីឡាការិនី Bee Rosel មកពីអូស្ដ្រាលី និងលេខ៣ កីឡាការិនីកម្ពុជា កាន់ ស្រីរ័ត្ន។ រីឯវិញ្ញាសារត់ ៥គីឡូម៉ែត្របុរស លេខ១ កីឡាករ ឈុន ប៊ុនថន, លេខ២ កីឡាករ ភូ ស៊ីផៃ និងលេខ៣ កីឡាករ ឡៃ មកពីកម្ពុជាដូចគ្នា ខណៈផ្នែកនារី ជយាលាភីលេខ១ ដល់លេខ៣ សុទ្ធតែកីឡាការិនីកម្ពុជាផងដែរ រួមមានកីឡាការិនី Thach Thideouk លេខ១, កីឡាករិនី យ៉ាន់ សុធី លេខ២ និងកីឡាការិនី ចន ច័ន្ទសុវត្ដី លេខ៣។ ក្រៅពីនេះ ក៏មានការរត់កម្សាន្ដចម្ងាយ ២គីឡូម៉ែត្រផងដែរ៕