(ម៉ូនិច)៖ ការប្រកួតប្រជែងសន្សំពិន្ទុតាមពូលទាំង ២៤ក្រុមនៅពានរង្វាន់អឺរ៉ុប Euro 2024 ក្នុងប្រទេសអាល្លឺម៉ង់ នឹងបន្តឈានចូលថ្ងៃទី៤ នាយប់នេះដោយមាន ៣ប្រកួតសំខាន់ទៀតដែរ ខណៈបារាំង ជួបអូទ្រីស ជាគូដែលចង់ទស្សនាជាងគេ។

១ប្រកួតបើកឆាកសម្រាប់ក្បាលព្រលប់ថ្ងៃចន្ទនេះ គឺជាការជួបគ្នារវាងក្រុមជម្រើសជាតិរ៉ូម៉ានី ទល់នឹងក្រុមដែលកំពុងជួបបញ្ហាសង្រ្គាម គឺអ៊ុយក្រែននាម៉ោង ៨យប់ (ម៉ោងនៅកម្ពុជា) សន្សំពិន្ទុប្រចាំពូល E ធ្វើឡើងនៅកីឡដ្ឋាន Allianz Arena ស្ថិតក្នុងទីក្រុង Munich ដោយមានលោក Glenn Nyberg សញ្ជាតិស៊ុយអែត ជាមន្រ្តីអាជ្ញាកណ្តាល។

ជាមួយគ្នានោះ បិសាចក្រហមប៊ែលហ្សិក ក៏ត្រូវជួបស្លូវ៉ាគី នាម៉ោង ១១យប់ផងដែរ ដើម្បីបិទបញ្ចប់វគ្គសន្សំពិន្ទុប្រចាំពូល E ជុំទី១ តែម្តង ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Deutsche Bank Park ដោយមានលោក Halil Meler សញ្ជាតិតួកគី ជាមន្រ្តីអាជា្ញកណ្តាលផងដែរ។

ដោយឡែក បារាំង និងអូទ្រីស នឹងត្រូវតតាំងគ្នា ដើម្បីបិទបញ្ចប់វគ្គសន្សំពិន្ទុជុំទី១ សម្រាប់ពូល D ធ្វើឡើងនាម៉ោង ២យប់រំលងអាធ្រាត្រ ក្នុងកីឡដ្ឋាន Merkur Spiel-Arena ដោយមានលោក Jesus Gil សញ្ជាតិអេស្ប៉ាញ ជាអាជ្ញាកណ្តាលក្នុងទីលាន។ ក្នុងពូល D នេះដែរ ហូឡង់ អតីតក្រុមលេខ៣ កាលពី World Cup 2014 នៅប្រេស៊ីល បានកំពុងឈរទីកំពូលតារាង ក្រោយវាយបកឈ្នះប៉ូឡូញ ២-១ នាយប់មិញ៕