(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft គ្រោងវិនិយោគប្រមាណ ៧.១៦ពាន់លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យថ្មីនៅក្នុងតំបន់ Aragon ភាគឦសាននៃប្រទេសអេស្ប៉ាញ ដែលកំពុងក្លាយជាមជ្ឈមណ្ឌល Cloud Computing ដ៏សំខាន់មួយនៅក្នុងទ្វីបអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយទីភា្នក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។

រដ្ឋាភិបាលក្នុងតំបន់របស់ Aragon បាននិយាយថា ក្រុមហ៊ុន Microsoft បានស្នើសុំលិខិតអនុញ្ញាតសាងសង់ ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យនៅទីតាំងមួយនៅខាងក្រៅទីក្រុង Zaragoza នេះបើយោងតាមរបាយការណ៍របស់កាសែតក្នុងស្រុក El Heraldo ។ រដ្ឋាភិបាលក្នុងតំបន់នេះ បានគូសបញ្ជាក់ថា ការវិនិយោគនេះនឹងមានរយៈពេលជាង ១០ឆ្នាំឯណោះ។

ការវិនិយោគនេះត្រូវបានគេមើលឃើញថា ក្រុមហ៊ុន Microsoft កំពុងដើរតាមគូប្រជែងដ៏សំខាន់របស់ខ្លួនគឺក្រុមហ៊ុន Amazon Cloud Computing Unit AWS ក្នុងការសម្លឹងមើលទីតាំង Aragon។ ដោយឡែកកាលពីខែមុននេះ Amazon បានប្រកាសកាលថាខ្លួននឹងវិនិយោគចំនួន ១៥.៧ ពាន់លានអឺរ៉ូ (ប្រហែល ១៦ពាន់លានដុល្លារ) ក្នុងរយៈពេល ១០ឆ្នាំខាងមុខដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យនៅទីនោះ៕