(អាល្លឺម៉ង់)៖ ការប្រកួតបាល់ទាត់ផ្នែកបុរសតំបន់អឺរ៉ុប European Championship ដែលបានចាប់ផ្តើមប្រកួតដំបូងនៅឆ្នាំ១៩៦០ នៅប្រទេសបារាំងមកនោះ នៅពេលនេះក្រុមជម្រើសជាតិអាល្លឺម៉ង់ បានក្លាយក្រុមម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់នេះដំបូងគេ ដែលអាចរកបានគ្រាប់ស៊ុតដល់ទៅ ៥គ្រាប់ច្រើនជាងគេ ក្នុងនាមជាក្រុមម្ចាស់ផ្ទះនៅ ១ប្រកួតបើកឆាកក្នុងវគ្គចែកពូល ដោយយកឈ្នះក្រុមស្កុតឡេន ៥-១ នៅព្រឹត្តិការណ៍ Euro 2024 ជំនាន់ទី១៧ នេះ ។

យោងតាមការប្រកួតកន្លងមក ការលេងដណ្តើមពានតំបន់អឺរ៉ុបនេះ គិតចាប់តាំងពីការរៀបចំដំបូងមក មិនមានក្រុមម្ចាស់ណាមួយអាចស៊ុតទៅលើក្រុមភ្ញៀវបានច្រើនគ្រាប់ដូចនេះនោះទេ ដ្បិតក្រុមបារាំង ដែលជាម្ចាស់ផ្ទះដំបូងនៅឆ្នាំ១៩៦០ ធ្លាប់ធ្វើបាន ៤គ្រាប់ តែក្នុងលទ្ធផលចាញ់អតីតក្រុមយូហ្គោស្លាវី ៤-៥ ដែលពេលនោះមានតែ ៤គ្រាប់ប៉ុណ្ណោះ ។

ប្រកួតបន្ទាប់ក្នុងវគ្គចែកពូល A នេះ ក្រុមអាល្លឺម៉ង់ នឹងត្រូវប៉ះក្រុមហុងគ្រី នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅកីដ្ឋាន MHPArena ដែលជាប្រកួតទី២ ប្រចាំពូល ខណៈកំពុងឈរលេខ១ ក្នុងពូលមាន ៣ពិន្ទុ នាមជាក្រុមឈ្នះពាននេះបាន ៣សម័យកាលមកហើយផងដែរ ៕