(ភ្នំពេញ)៖ ការប្រកួតកីឡាប៉ារ៉ាប៊ូលីងជើងឯកកម្ពុជា លក្ខណៈបើកទូលាយ ឆ្នាំ២០២៤ (Cambodia Open Para Bowling Championships 2024) នឹងប្រព្រឹត្តទៅជាផ្លូវការនាចុងសប្ដាហ៍នេះ ចាប់ពីថ្ងៃទី២១-២៧ ខែមិថុនាខាងមុខ ទីលានប្រូប៊ូលស្ព័រ នៃខាលែនឌែលម៉ល រាជធានីភ្នំពេញ ដោយប្រតិភូ គ្រូបង្វឹក និងអត្តពលិកចូលរួមសរុប ១៤២នាក់ និងមកពី ១០ប្រទេសផ្សេងគ្នា។

នេះបើតាមការបញ្ជាក់របស់លោក ឆាយ កៀក អគ្គលេខាធិការសហព័ន្ធកីឡាបូលីងកម្ពុជា ក្នុងសន្និសិទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពនៃការត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិសម្រាប់កីឡាប៉ារ៉ាប៊ូលីងលើកដំបូង នៅអាគារមជ្ឈមណ្ឌលតេជោ សែន កាលពីចុងសប្ដាហ៍កន្លងទៅ។ ការប្រកួតនេះ ក៏ទទួលបានការសាទរ និងគាំទ្រពេញទំហឹងពីថ្នាក់ដឹកនាំគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (NPCC) ផងដែរ។

អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា ក្រោមកិច្ចសហការដ៏ល្អជាមួយដៃគូអន្ដរជាតិ សហព័ន្ធបានត្រៀមខ្លួនរួចរាល់ ដើម្បីរៀបចំការប្រកួត Cambodia Open Para Bowling Championships 2024 លើកទី១ នេះ។ រីឯការចម្រាញ់កីឡាករ-កីឡាការិនីឆ្នើមៗ ៨នាក់ចុងក្រោយ ដើម្បីចូលរួមការប្រកួតនេះ ក៏បានរកឃើញផងដែរ បន្ទាប់ពីការប្រមូលផ្ដុំហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់អស់រយៈពេលប្រមាណ ៣ខែកន្លងមក។

លោកបន្ដថា ការប្រកួតអន្ដរជាតិលើកដំបូងនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ ២ចំណុច ទី១-ផ្សព្វផ្សាយពីកីឡាប៊ូលីងកាន់តែទូលំទូលាយនៅកម្ពុជា។ ទី២-លើកកម្ពស់ស្ដង់ដារកីឡាប៊ូលីងកម្ពុជា ដើម្បីត្រៀមការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៥ នៅថៃ។ ទី៣- លើកកម្ពស់ឆន្ទៈ និងស្មារតីប្រកួត ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព រវាងអត្តពលិកជាតិ និងអន្ដរជាតិ និងទី៤-លើកទឹកចិត្តកីឡាប៉ារ៉ាប៊ូលីង ដែលមានសមត្ថភាពខ្ពស់ ដើម្បីបង្ហាញនូវសមត្ថភាព និងទេពកោសល្យទៅលើឆាកអន្ដរជាតិ តាមរយៈការប្រកួតជាមួយដៃគូខ្លាំងៗមកពីបណ្ដាប្រទេសផ្សេងៗ។

ជាមួយគ្នាដែរ លោក យី សុភ័ក្ដ្រា អគ្គលេខាធិការរង NPCC បានបង្ហាញនូវគាំទ្រ ចំពោះការផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍អន្ដរជាតិនេះឡើង ដើម្បីលើកទឹកចិត្ត និងផ្ដល់ឱកាសដល់អត្តពលិកជនពិការ ពិសេសកីឡាប៉ារ៉ាប៊ូលីងបានចូលរួមការប្រកួត និងបង្ហាញសមត្ថភាព ក្នុងការប្រកួតលក្ខណៈអន្ដរជាតិ ស្របតាមផែនការយុទ្ធសាស្ដ្ររបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។ លោកសង្ឃឹមថា ការប្រកួតនេះនឹងរួមចំណែកផលិតបាននូវធនធានកីឡាករ-កីឡាការិនីល្អៗ សម្រាប់ត្រៀមការប្រកួតអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៥ នៅថៃ ក៏ដូចជាដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩ ផងដែរ។

ក្រឡេកមកចាប់អារម្មណ៍ប្រតិភូកីឡាបារ៉ាប៊ូលីង ដែលត្រៀមចូលរួមព្រឹត្តិការណ៍ Cambodia Open Para Bowling Championships 2024 នៅកម្ពុជា នាចុងសប្ដាហ៍នេះរួមមាន ហុងកុង, សាធារណរដ្ឋកូរ៉េ, ម៉ាឡេស៊ី, សាធារណរដ្ឋឆេក, ថៃ, ជប៉ុន, ហ្វីលីពីន, ឥណ្ឌា, ចិន និងម្ចាស់ផ្ទះកម្ពុជា៕