(បរទេស)៖ ទីក្រុងសៀងហៃ កំពុងតែបើកភ្លើងខៀវឲ្យរថយន្ត Tesla ចំនួន១០គ្រឿង បើកបរសាកល្បងនូវកម្មវិធីបើកបរដោយស្វ័យប្រវត្តិ ( Full Self-Driving pilot) នៅលើដងផ្លូវ ដែលនេះជាការត្រួសត្រាយផ្លូវសម្រាប់ការដាក់ឱ្យដំណើរការនូវរថយន្ត Tesla ប្រើប្រាស់កម្មវិធីពិសេសនេះនៅក្នុងប្រទេសចិន។ នេះបើតាមការបញ្ជាក់របស់ The Shanghai Observer ដែលគាំទ្រដោយរដ្ឋាភិបាល និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន Yahoo។

ពិតណាស់ ការដាក់ឱ្យដំណើរការកម្មវិធី Full Self-Driving (FSD) របស់ Tesla ដោយជោគជ័យនឹងអនុញ្ញាតឱ្យក្រុមហ៊ុនរបស់ Elon Musk មួយនេះ អាចប្រកួតប្រជែងកាន់តែប្រសើរជាមួយគូប្រជែងក្នុងស្រុកនៅក្នុងប្រទេសចិន ហើយអាចប្រែក្លាយទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក ទៅជាសមរភូមិសម្រាប់មុខងារជំនួយអ្នកបើកបរ ដែលមានតម្លៃថោក និងធ្វើឱ្យសង្គ្រាមតម្លៃរវាងក្រុមហ៊ុនរថយន្តអគ្គិសនីកាន់តែកើនឡើង។ បច្ចុប្បន្ន Tesla បាននឹងកំពុងផ្តល់ជូនកម្មវិធី FSD នេះ សម្រាប់ការលក់នៅក្នុងប្រទេសចិនអស់រយៈពេល ៤ឆ្នាំ ប៉ុន្តែជាមួយនឹងសំណុំនៃលក្ខណៈពិសេសដែលបានដាក់កម្រិត។

គួរជម្រាបថា ក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះ Tesla បានផ្តល់ជូននូវកំណែប្រែដែលមានកំណត់នៃប្រព័ន្ធ FSD ក៏ដូចជាការសេវាកម្មជាវ។ កាលពីខែមេសាឆ្នាំនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្ត Tesla លោក Elon Musk បានទៅទស្សនកិច្ចដោយមិនប្រកាសជាមុន ទៅកាន់ទីក្រុងប៉េកាំង ជាកន្លែងដែលលោកត្រូវបានគេជឿថា នឹងពិភាក្សាអំពីការចេញផ្សាយកម្មវិធី FSD នេះ។ ហើយនៅក្នុងខែឧសភា ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថាក្រុមហ៊ុន Tesla កំពុងរៀបចំចុះបញ្ជីកម្មវិធី FSD ជាមួយអាជ្ញាធរក្នុងប្រទេសចិន៕