(បរទេស)៖ ម៉ាឡេស៊ី ត្រូវបានគេមើលឃើញថាកំពុងប្រែក្លាយខ្លួនទៅជាមហាអំណាចមជ្ឈមណ្ឌលទិន្នន័យនៅតំបន់អាស៊ីអាគ្នេយ៍ ស្របពេលដែលតម្រូវការកើនឡើងខ្លាំង សម្រាប់សេវាកម្ម Cloud Computing និងបញ្ញាសិប្បនិម្មិត AI។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសម៉ាឡេស៉ី បានទាក់ទាញការវិនិយោគផ្នែកមជ្ឈមណ្ឌលទិន្នន័យ ដែលគិតជាទឹកប្រាក់រាប់ពាន់លានដុល្លារ តាមរយៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សនានាតួយ៉ាងដូចជា Google , Nvidia និង Microsoft ជាដើម។ តាមរយៈការទាញបានក្រុមហ៊ុនយក្សទាំងនេះ បានធ្វើឲ្យលោក James Murphy នាយកគ្រប់គ្រង APAC នៅក្រុមហ៊ុនស៊ើបការណ៍មជ្ឈមណ្ឌលទិន្នន័យ DC Byte កត់សម្គាល់ឃើញថា ការវិនិយោគជាច្រើនបានស្ថិតនៅក្នុងទីក្រុងតូចមួយនៃប្រទេសម៉ាឡេស៉ី ដែលមានឈ្មោះថា Johor Bahru ដែលមានទីតាំងនៅព្រំដែនជាមួយប្រទេសសិង្ហបុរី។

លោកនិយាយថា «ក្នុងរយៈពេលពីរបីឆ្នាំមកនេះ ទីក្រុង Johor Bahru តែម្នាក់ឯង នឹងវ៉ាដាច់ប្រទេសសិង្ហបុរី ដើម្បីក្លាយជាទីផ្សារធំបំផុតនៅអាស៊ីអាគ្នេយ៍...»។ Johor Bahru ត្រូវបានគេដាក់ឈ្មោះថា ជាទីផ្សាររីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងសន្ទស្សន៍មជ្ឈមណ្ឌលទិន្នន័យសកលឆ្នាំ២០២៤ របស់ DC Byte ។ របាយការណ៍បានបង្ហាញថា ទីក្រុងនេះមានការផ្គត់ផ្គង់ថាមពលសរុប ១.៦ ជីហ្គាវ៉ាត់ សម្រាប់មជ្ឈមណ្ឌលទិន្នន័យ រួមទាំងគម្រោងដែលកំពុងសាងសង់ ខណៈសមត្ថភាពមជ្ឈមណ្ឌលទិន្នន័យ ត្រូវបានវាស់ជាធម្មតាដោយបរិមាណអគ្គិសនីដែលវាប្រើប្រាស់។

គួរជម្រាបថា ស្របពេលនៃការរីកដុះដាលនៃមជ្ឈមណ្ឌលទិន្នន័យនេះ ត្បិតថាបានជួយលើកស្ទួយសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី តែវាក៏បានបង្កើតឱ្យមានការព្រួយបារម្ភអំពីតម្រូវការថាមពល និងទឹកផងដែរ។ ស្ថាប័ន Kenanga Investment Bank Research ប៉ាន់ប្រមាណថា តម្រូវការអគ្គិសនីសម្រាប់មជ្ឈមណ្ឌលទិន្នន័យក្នុងប្រទេសម៉ាឡេស៊ី នឹងឈានដល់តម្រូវការអតិបរមា 5GW នៅឆ្នាំ២០៣៥។ សមត្ថភាពអគ្គិសនី ដែលបានដំឡើងបច្ចុប្បន្នសម្រាប់ប្រទេសម៉ាឡេស៊ីទាំងអស់ គឺប្រហែល 27GW។ នេះបើយោងតាមក្រុមហ៊ុនអគ្គិសនីម៉ាឡេស៊ី Tenaga Nasional Berhad ។ បន្ថែមពីនេះ មន្ត្រីក្នុងតំបន់មានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីវិសាលភាពនៃការប្រើប្រាស់ថាមពលនេះ៕