(ភ្នំពេញ)៖ លោកស្រី Emeraude Toubia តារាសម្តែងសញ្ជាតិអាមេរិក ដែលមានអ្នកតាមដាន ចំនួន ៣លាននាក់ នៅលើបណ្តាញសង្គមអ៉ីនស្តាក្រាម (IG) បានមកទស្សនាប្រាសាទអង្គរវត្ត សំណង់អច្ឆរិយៈរបស់ខ្មែរ។

នៅលើគណនីអ៉ីនស្តាក្រាមរបស់ខ្លួន នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ជាមួយនឹងការបង្ហោះរូបថត ៦សន្លឹក ដ៏ល្អឥតខ្ចោះ ដែលត្រូវបានថតនៅប្រាសាទអង្គរតូច តារាងសម្តែងវ័យ ៣៥ឆ្នាំរូបនេះ បានសរសេរខ្លឹមសារថា «ភាពអស្ចារ្យនៃអង្គរវត្ត»។

ចំពោះការបង្ហោះនេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមរបស់កម្ពុជា ចូលទៅថ្លែងសារស្វាគមន៍ និងជូនពរនាង ឱ្យលេងកម្សាន្តដោយរីករាយ និងសុខសប្បាយក្នុងប្រទេសដ៏ល្អផូរផង់នេះផងដែរ។

ប្រាសាទអង្គរវត្តត្រូវបានស្ថាបនាឡើងក្នុងព្រះបាទសូរ្យវរ្ម័នទី២ ចាប់ពីឆ្នាំ១១១៣-១១៥០ ដែលជាមហាប្រាសាទដ៏អស្ចារ្យជាងគេមួយក្នុងប្រវត្តិសាស្ត្រខ្មែរ ហើយបច្ចុប្បន្នក៏បានជាប់ឈ្មោះជាសំណង់សាសនដ្ឋានដ៏ធំជាងគេនៅលើពិភពលោកផងដែរ៕