(ប៊ែកឡាំង)៖ លទ្ធផលនៃការប្រកួតពានរង្វាន់ជើងឯកអឺរ៉ុប Euro 2024 នៅអាល្លឺម៉ង់សម្រាប់ថ្ងៃទី៤ ស្របពេលអ៊ុយក្រែន និងបិសាចក្រហមប៊ែលហ្សិក រងបរាជ័យដោយមិននឹកស្មាន ក្នុងខណៈមាន់គកបារាំង យកបាន ៣ពិន្ទុពីអូទ្រីសទាំងត្រដាបត្រដួស។

១ប្រកួតបើកឆាកនាក្បាលព្រលប់ថ្ងៃចន្ទ ទី១៧ ខែមិថុនា អ៊ុយក្រែនបានចាញ់គូប្រជែងរ៉ូម៉ានី ដល់ទៅ ៣ទល់នឹង០ ពីការប្រកួតសន្សំពិន្ទុជុំទី១ ប្រចាំពូល E មុនពេលក្រុមខ្លាំងបិសាចក្រហមអឺរ៉ុប ប៊ែលហ្សិកក៏បាត់បង់ ៣ពិន្ទុផងដែរ តាមរយៈលេងចាញ់ស្លូវ៉ាគី ១-០ នាម៉ោង ១១យប់។

ដោយឡែកបារាំង អតីតក្រុមរងជើងឯក World Cup 2022 រកបាន ៣ពិន្ទុដំបូងពេលលេងឈ្នះអូទ្រីស ១-០ ក្នុងការបិទបញ្ចប់ជុំទី១ ប្រចាំពូល D។ ១គ្រាប់ជ័យជម្នះនោះដែរ គឺជាការធ្វេសប្រហែសចូលទីខ្លួនឯង (own goal) របស់ខ្សែការពារ Maximilian Wober នៅនាទីចុងម៉ោងនៃវគ្គទី១ និងក៏ជាគ្រាប់បាល់ចូលទីខ្លួនឯងលើកទី២ ផងដែរនៅ Euro លើកទី១៧ នេះ បន្ទាប់ពី Antonio Rudiger របស់អាល្លឺម៉ង់ ពេលយកឈ្នះស្កុតឡេន ៥-១ នៅថ្ងៃបើកឆាកនោះ។

គិតមកទល់ពេលនេះ Euro 2024 លេងបាន ១០ប្រកួត ក្នុងចំណោម ៥១ប្រកួតសរុបពី ២៤ក្រុម (ប្រទេស) ក្រោយឆ្លងកាត់ប្រកួតប្រជែងយ៉ាងស្ថិតស្វាញរយៈពេល ៤ថ្ងៃមកនេះ។ ម្ចាស់ផ្ទះអាល្លឺម៉ង់ អេស្ប៉ាញ បារាំង អង់គ្លេស អ៊ីតាលី និងហូឡង់ សុទ្ធតែធ្វើបានល្អដូចគ្នា អភ័ព្វតែអ៊ុយក្រែន និងប៊ែលហ្សិក ដែលពុំអាចស្វែងរកពិន្ទុបាន៕